សមត្ថកិច្ចបង្រ្កាបកន្លែងរាំអាសអាភាស ឃាត់ខ្លួនជនបរទេសជាច្រើននាក់

237

កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស បានចុះបង្ក្រាបករណីរូបភាព និងសម្ភារៈអាសអាភាសមួយកន្លែង ដែលមានសកម្មភាពកំពុងច្រៀងរាំជារបៀបអាសអាភាស ហើយប្រមូលភ្ញៀវទេសចរបរទេសជាច្រើននាក់។

អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាកាលពីថ្ងៃ ទី២៥ ខែមករា កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស បានចុះបង្ក្រាប ទីតាំងរាំជារបៀបអាសអាភាសមួយកន្លែងមានទីតាំងស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ប្រមូលភ្ញៀវទេសចរបាន៧៧នាក់ ស្រី៣៦នាក់។

តាមការចុះផ្សាយដដែលលោក ជា ហេង នាយការិយាល័យជូញដូរមនុស្សខេត្តសៀមរាបបានឲ្យដឹងថាក្នុងកិច្ចប្រតិបតិ្តការនេះ ប្រមូលភ្ញៀវទេសចរបរទេសបានចំនួន ៧៧នាក់ ស្រី៣៦នាក់ នាំខ្លួនទៅដល់ស្នងការដ្ឋានធ្វើការអប់រំរួចឲ្យត្រឡប់ទៅវិញ។

ចំណែកក្រុមអ្នករៀបចំចំនួន១០នាក់ (ជនសង្ស័យ) ដែលកំពុងច្រៀងរាំជារបៀបអាសអាភាស ត្រូវបានឃាត់ខ្លួន តាមបញ្ជាលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលដំបូងខេត្តសៀមរាប ។

ការចុះផ្សាយដដែលឲ្យដឹងថាក្នុងករណីនេះកម្លាំងជំនាញយើងកំពុងកសាងសុំណុំរឿងបញ្ជូនទៅតុលាការខេត្តចាត់ការតាមនីតិវិធី ៕