រដ្ឋាភិបាលគ្រោងធ្វើវិសោធនកម្មច្បាប់ស្តីពីអន្តោប្រវេសន៍ និងច្បាប់ស្តីពីសញ្ជាតិ

61

សម្តេច​ក្រឡាហោម​ ស​ ខេ​ង​​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ បាន​លើក​ឡើង​ថា​ រដ្ឋាភិបាល​គ្រោង​នឹង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​​អន្តោប្រវេសន៍​ និង​ច្បាប់​ស្តី​ពី​សញ្ជាតិ។

​ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​អត្តសញ្ញាណ​កម្ម​ឆ្នាំ​ ២០១៤-២០១៧​ និង​លើក​ទិស​ដៅ​ការ​ងារ​បន្ដ​ របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​នៅ​រសៀល​ថ្ងៃ​ទី​២២​ ខែមករា​ម្សិលមិញ សម្តេច​ក្រឡាហោម​ ស​ ខេ​ង​ បាន​លើក​ឡើង​ថា​ ក្រសួង​កំពុង​រៀបចំ​នូវ​លិខិត​ស្នាម​ផ្សេងៗ ​ដើម្បី​បង្កើត​នូវ​ក្រុមការងារ​​ធ្វើ​វិសោធនកម្ម​ច្បាប់​ទាំង​ពីរ​ស្តី​ពី​​អន្តោប្រវេសន៍​ និង​ច្បាប់​ស្តី​ពី​សញ្ជាតិ។នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរនបាលជាតិ។

​ការចុះផ្សាយដដែលនោះអគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ បាន​ធ្វើការ​ពន្យល់​ថា​ ការ​ផ្តល់​សញ្ជាតិ​ គឺជា​កិច្ចការ​អធិបតេយ្យភាព​របស់​រាជរដ្ឋាភិបាល​ មាន​ន័យ​ថា​ ការ​សម្រេច​ផ្តល់​សញ្ជាតិ​ដល់​អ្នក​ស្នើ​សុំ​ជា​ឆន្ទានុសិទ្ធិ​របស់​រាជរដ្ឋាភិបាល​ ហើយ​អគ្គនាយកដ្ឋាន​គ្រាន់តែ​ធ្វើ​ជា​សេនាធិការ​លើ​ការ​ទទួល​ពិនិត្យ​សំណុំ​បែបបទ​ និង​លើក​យោបល់​ ដោយ​ផ្អែក​តាម​ក្របខ័ណ្ឌ​ច្បាប់​ជា​ធរមាន​តែ​ប៉ុណ្ណោះ​។​

ការចុះផ្សាយដដែលលើកឡើងថា​តាម​របាយការណ៍​​បញ្ជាក់​ថា​ ចាប់ពី​ឆ្នាំ​២០១៤​ ដល់​ឆ្នាំ​២០១៧​ ទទួល​បាន​ព្រះ​រាជ​ក្រឹត្យ​ផ្តល់​សញ្ជាតិ​តូប​នី​យ​កម្ម​ចំនួន​ ១១០៨​ច្បាប់​ ក្នុង​នោះ​ តាម​រយៈ​វិនិយោគទុន​ចំនួន​ ១០៥០​ច្បាប់​ ស្មើនឹង​ ១០៦៨​រូប​,​ ស្នាក់​នៅ​ ៧​ឆ្នាំ​ចំនួន​ ៥៤​ករណី​ ស្មើនឹង​ ៦៤​រូប​,​ ស្នាដៃ​ពិសេស​ ចំនួន​ ៤​ករណី​ ស្មើនឹង​ ៤​រូប​ ។​

ជាមួយគ្នានោះក៏ទទួល​បាន​ព្រះរាជក្រឹត្យ​លើ​ការ​ទាមទារ​សញ្ជាតិ​ និង​លះបង់​សញ្ជាតិ​បាន​ចំនួន​ ១០០​ច្បាប់​ ស្មើ​ ១០១​នាក់​ ក្នុង​នោះ​មានតាម​រយៈ​អាពាហ៍ពិពាហ៍​ចំនួន​ ៣១​ច្បាប់​ ស្មើនឹង​ ៣១​នាក់,​ លះបង់​សញ្ជាតិ​ចំនួន​ ៦៩​ច្បាប់​ ស្មើនឹង​ ៧០​នាក់ និងបាន​ជូន​ជនបរទេស​ដែល​ទទួល​បាន​ព្រះរាជក្រឹត្យ​ចូលសញ្ជាតិ​ខ្មែរ​ទៅ​ធ្វើការ​ស្បថ​នៅ​ចំពោះ​មុខ​តុលាការ​កំពូល​ចំនួន​ ៧​លើក​ ស្មើនឹង​៣៥១​ នាក់ផងដែរ៕