ក្រសួងបរិស្ថានរំលែកទុក្ខការស្លាប់មន្ត្រី ៣រូបក្នុងបុព្វហេតុការពារធនធានធម្មជាតិ

57

ក្រសួងបរិស្ថានបានចូលរួមរំលែកទុក្ខនៃការបាញ់ប្រហារបណ្ដាលឲ្យស្លាប់មន្រ្តីការពារធនធានធម្មជាតិ ៣នាក់កាលពីម្សិលមិញ។

ក្រសួងបរិស្ថានបានចេញសាររំលែកទុក្ខ ៣ផ្សេងគ្នានាល្ងាចនេះ ដើម្បីចូលរួមរំលែកជាមួយស្ថាប័នអាវុធហត្ថ ឧទ្យាននុរក្សនៃមន្ទីរបរិស្ថាន និង អង្គការWCS ដែលបាត់បងមន្រ្តីក្នុងបុព្វហេតុការពារធនធានធម្មជាតិក្នុងខេត្តមណ្ឌលគិរី។

ក្នុងព្រឹត្តិការណ៍បាញ់រះមួយ បានកើតឡើងកាលពីម្សិលមិញ នៅតំបន់ដែនជម្រកសត្វព្រៃកែវសីមា ក្នុងតំបន់អូហ៊ុចស្រុកអូរាំង បណ្តាលឲ្យស្លាប់៣នាក់ ក្នុង​​​នោះ​​មានមន្ត្រីអាវុធហត្ថ លោក សេក វឌ្ឍនា មន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានលោក តើន​ សុខណៃ នៃមន្ទីរបរិស្ថាន និង បុគ្គលិករ​បស់​អង្គ​កា​រ WCS លោក ថុល ខ្នា។

តាម Fresh News បានដកស្រង់សម្តី នាយកដែនជម្រកសត្វព្រៃកែវសីម៉ា លោក ឌិន ប៊ុនធឿនថា មុនកើត​ហេតុ​ជនរងគ្រោះ ៤នាក់ មានមន្ដ្រីអាវុធហត្ថម្នាក់ មន្ដ្រីឧទ្យានុរក្សម្នាក់ បុគ្គលិកអង្គការ WCS ម្នាក់ និងអ្នកភូមិម្នាក់បាន ជិះម៉ូតូ​២គ្រឿង ចូលទៅ​ល្បាតព្រៃឈើ ពេលនោះពួកគេបានជួបជនជាតិវៀតណាមមួយក្រុម ប្រដាប់ដោយរណាយន្ដ កាំប៉ិត និងពូថៅ កំពុង​ប្រព្រឹត្តបទល្មើ​សព្រៃ​ឈើ​។

ការចុះផ្សាយដដែលបន្តថាពេលឃើញ​បទល្មើសបែបនេះ ពួកគេទាំង៤នាក់ ក៏បានរាយការណ៍មក នាយកដែនជម្រកសត្វព្រៃកែវសីម៉ា ហើយលោក ឌិន ប៊ុនធឿន បានប្រាប់ទៅវិញថា ឲ្យត្រឡប់ថយក្រោយវិញ ដើម្បីយកកម្លាំងទៅថែមធ្វើការបង្ក្រាប។

ការចុះផ្សាយបន្ថែមទៀតថា នៅពេលជនរងគ្រោះទាំង៤នាក់ បើកម៉ូតូចេញមកវិញ មិនទាន់ដល់ភូមិផង ក៏រងការបា​ញ់ប្រហា​រជាច្រើនគ្រាប់ បណ្ដាលឲ្យស្លាប់៣នាក់ ហើយម្នាក់ទៀតបានរត់គេចទៅក្នុងភូមិ។

ការចុះផ្សាយនោះក៏បានដកស្រង់សម្តីមន្ដ្រីសមត្ថកិច្ចជាន់ខ្ពស់ម្នាក់ នៅខេត្តមណ្ឌលគិរី ដែលសុំមិនបញ្ចេញឈ្មោះ បានបង្ហើបថា មុនពេ​លកើតហេតុ មន្ដ្រីអាវុធហត្ថ មន្ដ្រីបរិស្ថាន និងបុគ្គលិកអង្គការ WCS បានចូលទៅល្បាតព្រៃ ហើយក៏ឃើញបទល្មើសព្រៃឈើ បានចេញមក​ជួបក្រុមមន្ដ្រី​នាយនគរបាលប៉ុស្ដិ៍អូររលែ ចំណុះឲ្យវរនគរបាលការពារព្រំដែនគោក នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី លេខ ៦២១ ដោយអាចសង្ស័យបានថា ជាការមកចរចា និងនិយាយគ្នាពាក់ព័ន្ធការប្រព្រឹត្តបទល្មើសនៅទីនោះ។

សមត្ថកិច្ចជាន់ខ្ពស់រូបនេះ បានបញ្ជាក់ទៀតថា ដោយសារតែការចរចារ និងនិយាយគ្នាមិនត្រូវ រហូតមានការឈ្លោះប្រកែកគ្នា ហើយក៏មានការផ្ទុះអាវុធបណ្ដាលឲ្យស្លាប់យ៉ាងដូច្នេះ៕