សមត្ថកិច្ចរកឃើញឈើក្រញូងរាប់ពាន់ដុំ បង្កប់ក្នុងស៊ីទែនរថយន្តដឹកសាំង

96
រថយន្តដឹកសាំងដែលរកឃើញមានឈើក្រញូងរាប់ពាន់ដុំ។ រូបភាពពីអគ្គស្នងការនគរបាលជាតិ។

សមត្ថកិច្ចខេត្តបន្ទាយមានជ័យប្រទះឃើញឈើក្រញូងជាច្រើនដុំ បង្កប់នៅក្នុងស៊ីទែនរថយន្តដឹកសាំ ១គ្រឿង ដែល​បង្កគ្រោះថ្នាក់​ចរាចរណ៍ ហើយត្រូវបានសមត្ថកិច្ចឃាត់រក្សាទុកអស់រយៈពេល ៧ ខែមកហើយ។

នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិនៅថ្ងៃទី ២១ ខែ មករានេះបានឲ្យដឹងថា​ រថយន្តដឹកស៊ី​ទែន​​សាំង​ មួយគ្រឿង​បានបង្កគ្រោះថ្នាក់​ចរាចរណ៍​ត្រូវបាន​ឃាត់ទុក​៧ខែ​នៅស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយ​មាន​ជ័យ ហើយត្រូវអាជ្ញាធរ​សង្ស័យ​វះឃើញ​សុទ្ធតែ​ឈើក្រញូងចំនួន២,៦១០ដុំ​ ។

ឈើក្រញូងរាប់ពាន់ដុំដែលរកឃើញមានក្នុងរថយន្តដឹកសាំង។ រូបភាពពីអគ្គស្នងការនគរបាលជាតិ។

តាមការចុះផ្សាយដដែលកាលពីអំឡុងខែឧសភា​ ឆ្នាំ២០១៧​ មានរថយន្ត​១គ្រឿង​ដឹកស៊ីទែន​សាំង​ដែល​ពាក់ស្លាក់​លេខភ្នំពេញ​ 3C-0213 បានបង្កគ្រោះថ្នាក់​ចរាចរណ៍​​ដោយរថយន្តខូចពេលយប់​ចតចោល​លើចិញ្ចើម​ផ្លូវគ្មាន​ដាក់​ស្លាក​សញ្ញា​ ហើយត្រូវម៉ូតូ ១គ្រឿងជិះគ្នា២នាក់ បានបុកពីក្រោយ​បណ្តាលឲ្យ​ស្លាប់ម្នាក់​នៅហ្នឹង​កន្លែង​និង​ម្នាក់ទៀត​របួសធ្ងន់ត្រូវបានសង្គ្រោះបន្ទាន់។

ការចុះផ្សាយដដែលបន្តថា ​ក្រោយពេលគ្រោះថ្នាក់ចរាចរណ៍​កើតឡើង​កម្លាំង​នគរបាល​ជំនាញ​ចុះ​ទៅធ្វើការ​វាស់វែង​ហើយយករថយន្តដែលបង្កហេតុនោះមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ។

ការចុះផ្សាយនោះបន្ថែមថាដោយរយៈពេល ៧ ខែ គ្មានអ្នកចូល​ដោះស្រាយ​ទើប​ កម្លាំងជំនាញបាន​ធ្វើការពិនិត្យ​រថយន្ត​ដោយ​វះស៊ីសាំងផ្នែកខាងក្រោយ ក៏ឃើញសុទ្ធតែឈើ​ក្រញូង​សរុបចំនួន២,៦១០ដុំ។

ការចុះផ្សាយនោះក៏លើឡើងដែរថាក្រោយពេលពិនិត្យរួចរាល់វត្ថុតាងឈើក្រញូងទាំងនោះ ត្រូវបានប្រគល់​ជូន​អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដឹកយកទៅ​រក្សាទុក​នៅសាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់​ការ​តាមច្បាប់៕​

រថយន្តដឹកសាំងដែលរកឃើញមានឈើក្រញូងរាប់ពាន់ដុំ។ រូបភាពពីអគ្គស្នងការនគរបាលជាតិ។
រថយន្តដឹកសាំងដែលរកឃើញមានឈើក្រញូងរាប់ពាន់ដុំ។ រូបភាពពីអគ្គស្នងការនគរបាលជាតិ។