យ៉ាងហោចណាស់មនុស្ស ១០ នាក់បានស្លាប់ និង១៥ នាក់ទៀតរងរបួសធ្ងន់ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃនេះ។
បើតាមរបាយការណ៍ដែលចេញផ្សាយដោយអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ១២លើក ដែលបណ្តាលឲ្យមនុស្ស ១០នាក់ស្លាប់ (ប្រុស៨នាក់) ១៥នាក់ រងរបួសធ្ងន់ និងស្រាល។
ក្នុងការចុះផ្សាយដដែលនោះបានឲ្យដឹងថាអ្នកដែលជួបគ្រោះថ្នាក់ទាំងនោះ មាន ១៦នាក់មិនបានពាក់មួកសុវត្ថិភាព នៅពេលគ្រោះថ្នាក់ចរាចរណ៍។
អគ្គស្នងការនគរបាលជាតិបន្តថាមូលហេតុដែលបណ្តាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ដោយសារបើកបរ ល្មើសល្បឿន, ស្រវឹង២លើក មិនគោរពសិទ្ធិ, មិនប្រកាន់ស្តាំ និងបើកបរប្រជែង ។
តាមរបាយការណ៍ដដែលនោះឲ្យដឹងដែរថាគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១ មករា ដល់ថ្ងៃទី១៤ មករា ២០១៨ មានគ្រោះថ្នាក់ចំនួន ១៤២លើកដែលបណ្ដាលឲ្យស្លាប់មនុស្សចំនួន ៨៧នាក់ របួសសរុបចំនួន ១៩៨នាក់ របួសធ្ងន់ ១៣៦នាក់ របួសស្រាលចំនួន៦២នាក់ ៕