វៀតណាមបង្កើនជួយបណ្ដុះបណ្ដាលនគរបាលខ្មែរឆ្នាំ ២០១៨

46

ក្រសួងនគរបាលវៀតណាម បានសម្រេចបង្កើន​ការជួយបណ្តុះបណ្តាល​មន្រ្តីនគរបាលជាតិ​កម្ពុជា​តាមរយៈការ​ទទួល​ទៅ​សិក្សា​នៅវៀតណាមឲ្យបានចំនួន ៥២០នាក់ ក្នុងឆ្នាំ២០១៨នេះ។

នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិក្រោយពិធីចុះហត្ថលេខាផែនការសហប្រតិបត្តិការឆ្នាំ២០១៨ រវាង​ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងនគរបាល នៃសាធារណរដ្ឋសង្គម​និយមវៀតណាមនាថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងមហាផ្ទៃ។

អគ្គស្នងការនគរបាលជាតិបានចុះផ្សាយថាការទទួកមន្រ្តីនគរបាលកម្ពុជាទៅសិក្សានៅប្រទេសវៀតណាម មានចំនួន ៥២០​នាក់ ដែលចំនួននេះបានកើនឡើងលើសឆ្នាំមុន ២០នាក់។

ការចុះផ្សាយដដែលបានលើកប្រសាសន៍ អគ្គស្នងការរងនគរបាល​ជាតិនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ថា ការទសិក្សានៅ​វៀតណាមនោះ មានវគ្គរយៈពេលវែងកម្រិតមហាវិទ្យាល័យ និង​មធ្យមសិក្សា​ចំនួន​ ៨០នាក់ ។

ជាមួយគ្នានេះដែរ ភាគីវៀតណាមក៏នឹងជួយសម្ភារៈបច្ចេកទេស ដល់នគរបាលជាតិកម្ពុជាមួយចំនួន បូក​រួម​ទាំងជួយក្នុងការ​សាងសង់សាលសហសិក្សាមួយសម្រាប់សាលានគរបាលកម្ពុជា និងបន្តជួយពិនិត្យ និងព្យាបាលជំងឺមន្រ្តីជាន់​ខ្ពស់​កម្ពុជា​ក្នុង​ឆ្នាំ២០១៨​នេះ ចំនួន ៦០នាក់ ដូចឆ្នាំ២០១៧ ។

ការចុះផ្សាយដដែល នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានធ្វើការគូសបញ្ជាក់ថា ក្នុងជំនួបរវាង​សម្តេច​ក្រឡា​ហោម ស ខេង ជាមួយ ឯកឧត្តម តូ ឡាំ រដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម ភាគីវៀតណាមក៏បាន​សុំឲ្យអាជ្ញាធរ​កម្ពុជាអនុវត្តការ​ផ្តល់លិខិត​ស្នាមស្របច្បាប់ ចំពោះជនអន្តោប្រវេសន៍​វៀតណាម​ឲ្យបានឆាប់​ផង​ដែរ ៕