ពលរដ្ឋម្នាក់ត្រូវបានបាញ់ស្លាប់នៅពេលនគរបាលចុះបង្ក្រាបសង្វៀនជល់មាន់

98

ពលរដ្ឋ​ម្នាក់​ត្រូវបានសមត្ថកិច្ច​បាញ់ចំបណ្ដាលឲ្យ​ស្លាប់​នៅ​​ពេលសមត្ថកិច្ចចុះ​ប្រតិបត្តិការ​ ​​បង្ក្រាប​សង្វៀន​ជល់​មាន់​មួយ​​កន្លែង​ស្ថិត​​ក្នុង​​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែនជ័យ។

តាមការចុះផ្សាយលើបណ្ដាញ​សង្គម​ហ្វេសប៊ុកឈ្មោះថា «សង្គម និង​យុត្តិធម៌» បាន​ឲ្យដឹងថា បុរសម្នាក់ ត្រូវបាន បាញ់ស្លាប់នៅ​ម៉ោង​ជាង ១០​ព្រឹក​ថ្ងៃ​អាទិត្យ​ម្សិលមិញ អំឡុង​ពេល​នគរ​បាល​​ចុះ​បង្ក្រាប​ទីតាំង​ជល់​មាន់​មួយ​កន្លែង​នៅ​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ ជាមួយរូបថត​ដែលត្រូវបានចែក​ចាយ​ បង្ហាញថាបុរស​នោះ​ប្រឡាក់​ទៅ​ដោយ​ឈាម និង​​មាន​ស្នាម​ត្រូវ​គ្រាប់​កាំភ្លើង​នៅ​ត្រង់​ដើម​ទ្រូង​​ផ្នែក​ខាង​ស្ដាំ​នៅ​ជិត​បំពង់ក។

តាមការចុះផ្សាយដដែលបន្តថាបុរសដែលត្រូវ​បាន​សមត្ថកិច្ច​បាញ់ចំបណ្ដាលឲ្យ​ស្លាប់​នោះឈ្មោះ ឈៀក រ៉ន អាយុ ៣៣​ឆ្នាំ ជា​កម្មករ​រោងចក្រ​​មួយ​ស្ថិត​ក្នុង​សង្កាត់​ចោមចៅ ២ ​ខណ្ឌពោធិ៍សែនជ័យស្នាក់នៅបន្ទប់ជួលជាន់ទី៣ ក្បែរកន្លែងកើតហេតុ និង​មាន​ស្រុក​កំណើតភូមិសែនអោក ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ

ជាមួយគ្នានោះដែរក្នុងវីដេអូ​ខ្លីបមួយបង្ហោះ​នៅ​ក្នុង​បណ្ដាញ​ហ្វេសប៊ុក ​ស្ត្រី​ម្នាក់ដែលអះអាងថាជាប្រពន្ធ​​បានស្រែក​យំជាមួយនឹង​ការលើកឡើងថាសមត្ថកិច្ចបាញ់កាំភ្លើងផ្ដេសផ្ដាសបណ្ដាលឲ្យចំប្ដីគាត់ដែលកំពុងឈរនៅខាងមុខបន្ទប់ជួលបណ្ដាលឲ្យស្លាប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។

ទាក់ទងនឹងករណីនេះអ្នកសារព័ត៌មានយើងព្យាយាម​ស្វែង​រក​ការ​បក​ស្រាយ​ពី​អធិការ​នគរបាល​ខណ្ឌ​ពោធិ៍សែន​ជ័យ លោក យឹម សារ៉ាន់ ប៉ុន្តែទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

ក្នុងវីដេអូខ្លីបដដែលនោះ ស្រ្តីដែលអះអាងថាជាប្រពន្ធជនរងគ្រោះនោះ ក៏បានស្រែកយំ ទាមទារ​ឲ្យមានការទទួល​ខុសត្រូវ​ និង​សងប្ដីរបស់នាងឲ្យបានវិលត្រឡប់មកវិញ៕