អគ្គិភ័យឆាបឆេះអស់ផ្ទះ៤ខ្នងនៅសង្កាត់ព្រែកប្រា

61
ករណីអគ្គីភ័យឆាប់ឆេះនៅទឹកថ្លា។ រូបពីអគ្គស្នងការនគរបាលជាំតិ។

យ៉ាងហោចណាស់ផ្ទះ ៤ខ្នងនៅ​សង្កាត់​ព្រែកប្រា ខណ្ឌច្បារអំពៅ ត្រូវបានខូចខាត​ទាំងស្រុង​ក្នុង​ហេតុ​ការណ៍​​អគ្គិភ័យឆាប់ឆេះ​កាលពីព្រឹកមិញ។

អគ្គស្នងការនគរបាលជាតិបានចុះផ្សាយឲ្យដឹងថានៅ​វេលា​ម៉ោង​ ៣​និង​១០​នាទី​ទាបភ្លឺ​ឈាន​ចូលថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៨​ មាន​អគ្គី​ភ័យ​មួយ​កន្លែង​កើតឡើង​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​369​ ភូមិ​ ព្រះ​ពន្លា​ សង្កាត់​ព្រែក​ប្រា​ ខណ្ឌ​ច្បារ​អំពៅ​ ។

​ការចុះផ្សាយនោះបន្តថាក្នុងហេតុការណ៍អគ្គិភ័យនេះមានផ្ទះឈើ និង ផ្ទះថ្មប្រក់ស័ង្កសីចំនួន 4ខ្នង ត្រូវបានឆាបឆេះទាំងស្រុក តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ ។

ក្នុងហេតុការនោះអាជ្ញាធរបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន 17គ្រឿង ដែលប្រើប្រាស់ទឹកអស់ចំនួន ១៤០​ម៉ែត្រគូប ។

តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃកាលពីឆ្នាំ ២០១៧ មានអគ្គិភ័យបានកើតឡើងចំនួន ៥១៤ លើក​បានសម្លាប់មនុស្សអស់ ២២នាក់ (ស្រី១៣នាក់) និង​បង្ករ​បួសមនុស្ស ១២៨នាក់ តែចំនួននេះ​បាន​ថយ​ចុះ​រហូត​ដល់ ១៩ ភាគរយ បើ​ប្រៀប​ធៀបករណីអគ្គិភ័យកើត​ឡើងកាលពីឆ្នាំ ២០១៦៕​