អភិបាលខេត្តបង្ហាញពីផលប៉ះពាល់នៃជនបរទេសដែលស្នាក់នៅខេត្តព្រះសីហនុ

121
ភ្ញៀវទេសចរណ៍ដែលមកលេងនៅកំពង់សោម។រូបភាពពី FN។

អភិបាលខេត្តព្រះសីហនុលោក យន្ត មីន បានធ្វើបង្ហាញពីផលប៉ះពាល់របស់​ជនបរទេសនៅក្នុង​ខេត្តទេស​ចរណ៍​​ជាប់​​សមុទ្រមួយនេះ បន្ទាប់ពីមានការរិៈគន់ថាជនជាតិចិនមានចំនួនច្រើនកំពុងបង្កបញ្ហា​ប៉ះពាល់ដល់​ភ្ញៀវទេស​ចរណ៍ដទៃទៀត។

ក្នុងរបាយការណ៍ចុះថ្ងៃទី ២៤ ខែ មករា ដែលលោក យន្ត មីន ផ្ញើរជូនរដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្តេច​ក្រឡា​ហោម ស ខេង បានលើកឡើងក្នុងកម្មវត្ថុស្ដីពីរបាយការណ៍ស្ដីពីផលប៉ះពាល់របស់ជនជាតិ​បរទេស​ដែល​ស្នាក់​នៅ​ខេត្តព្រះ​សីហនុ។

ក្នុងរបាយការណ៍នោះបានឲ្យដឹងថា ជនបរទេសដែលកំពុងមានវត្តមាននៅក្នុង​ខេត្តព្រះសីហនុមានចំនួនសរុប ៦,៣៨៥​នាក់ ស្មើនិង ៦១សញ្ជាតិ។ ក្នុងនោះជនជាតិចិន មានចំនួន ៤,៤៩៨នាក់ ជនជាតិឥណ្ឌូនេស៊ី ៩០៩នាក់ ជនជាតិហ្វីលីពីន ១២៧នាក់ ជនជាតិម៉ាឡេស៊ី ១២២នាក់ ជនជាតិថៃ ៧២នាក់ ជនជាតិរុស្ស៊ី ៧០នាក់ ជន​ជាតិ​វៀតណាម ៦៧នាក់ ជនជាតិបារាំង ៥៦នាក់ ជនជាតិឥណ្ឌា ៥២នាក់ ជនជាតិអង់គ្លេស ៥១នាក់ និងជនជាតិ​ផ្សេងៗ​ទៀត ៣៦១នាក់។

ក្នុងរបាយការណ៍បន្តថាជនបរទេសទាំងនោះ ចែកចេញ៣ប្រភេទ គឺជនបរទេសជាអ្នកវិនិយោគ, ជនបរទេសជា​អ្នក​ទេសចរណ៍ និងជនបរទេសជាអ្នកបម្រើការក្នុងកាស៊ីណូ កម្មករសំណង់ និងអ្នកផ្តល់សេវាផ្សេងៗ។

ក្នុងរបាយការណ៍បន្ថែមថាជនបរទេសទាំងនោះផ្ដល់ទាំងផលវិជ្ជមាន និងអវិជ្ជមានដូចជា ផលវិជ្ជមាន​របសរួម​មាន ចំនួនរោងចក្រកើនឡើង បានផ្តល់ការងារជូនពលរដ្ឋ​កម្មករ-កម្មការិនីច្រើនឡើង, វិស័យដីធ្លី និង​អចលន​ទ្រព្យមាន​តម្លៃ​កើនឡើង, សំណង់អគារពាណិជ្ជកម្មខ្ពស់ៗមានចំនួនកាន់តែច្រើន, មានសណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋានធំ​ៗ​ ​សម្រាប់ទទួលភ្ញៀវទេសចរជនជាតិចិន, កសិផល និងផលិតផលក្នុងស្រុកមានទីផ្សារល្អ។

ក្នុងរបាយការណ៍បន្តថាផលវិជ្ជមានក៏បានបង្កើនឱកាសការងារជូនប្រជាពលរដ្ឋខ្មែរបានច្រើន, ប្រាក់ចំណូល​ពន្ធ​មាន​ការកើនឡើង, ទេសភាពទីក្រុងពេលរាត្រីមានសោភណភាព ស្រស់ស្អាត ដោយមានភ្លើង​បំភ្លឺតាមដង​ផ្លូវ អគារសណ្ឋាគារ កាស៊ីណូ និងភោជនីយដ្ឋាននានា។

ក្នុងរបាយការណ៍នោះបន្តថាទន្ទឹមនឹងផលវិជ្ជមាន ផលអវិជ្ជមានក៏កើតមានច្រើនដូចជា បង្កឱកាសដល់​ជនជាតិ​ចិន​ជាពួកម៉ាហ្វីយ៉ាមួយចំនួនបន្លំចូលមកប្រព្រឹត្តបទល្មើសផ្សេងៗ និងចាប់ជម្រិតអ្នកវិនិយោគជនជាតិចិន បង្ក​អសន្តិ​សុខ​​ក្នុងខេត្ត, កម្មករបរទេសតាមការដ្ឋានសំណង់មានចំនួនច្រើនលើសពីច្បាប់កំណត់, ជនបរទេស​បើកហាង​រក​ស៊ីតូច​តាច នាំឲ្យប៉ះពាល់ និងបង្កការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ។

ជាមួយគ្នានោះក៏មានជនបរទេសបើករថយន្តដោយគ្មានច្បាប់អនុញ្ញាត រថយន្តជនបរទេសមួយ​ចំនួនមានស្លាក​លេខ ខ.ម, ន.ប ស្លាកសញ្ញាក្បាលតោ ហើយមិនសូវគោរពច្បាប់ចរាចរណ៍, ជនបរទេសខ្លះផឹកស៊ីស្រវឹង ស្រែក​ឡូឡា ឈ្លោះប្រកែកគ្នា វាយតប់គ្នានៅតាមភោជនីយដ្ឋាន និងតាមទីសាធារណៈ ហើយមាន​ជនជាតិចិន​ខ្លះ​​បានជួលផ្តាច់​សណ្ឋាគារ ផ្ទះសំណាក់មួយចំនួនធំធ្វើឲ្យបាត់បង់ឱកាសផ្តល់សេវាស្នាក់​នៅសម្រាប់​ភ្ញៀវទេស​ចរណ៍​ផ្សេងៗ៕