អគ្គិភ័យកើតឡើងចំនួន ៥១៤លើក សម្លាប់មនុស្ស ២២នាក់

67
ករណីអគ្គីភ័យឆាប់ឆេះនៅទឹកថ្លា។ រូបពីអគ្គស្នងការនគរបាលជាំតិ។
អគ្គីភ័យឆាប់ឆេះនៅទឹកថ្លាកន្លងទៅ។រូបពីអគ្គស្នងការនគរបាលជាតិ។

អគ្គិភ័យបានកើតឡើងចំនួន ៥១៤ លើកនៅក្នុងឆ្នាំ ២០១៧ សម្លាប់មនុស្សអស់ ២២នាក់ (ស្រី១៣នាក់) និង​បង្ករ​បួសមនុស្ស ១២៨នាក់ តែចំនួននេះបានថយចុះរហូតដល់ ១៩ ភាគរយ បើ​ប្រៀប​ធៀបករណីអគ្គិភ័យកើត​ឡើងកាលពីឆ្នាំ ២០១៦។

នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិកាលពីថ្ងៃទី ១៨ ខែ មករា ម្សិលមិញ ក្នុងពីធី​ប្រជុំ​ផ្សព្វ​ផ្សាយ​​​លិខិតបទដ្ឋានគតិយុត្តិ ផែនការយុទ្ធសាស្រ្តរយៈពេល ៣ឆ្នាំ (២០១៨-២០២០) របស់នាយក​ដ្ឋាន​នគរ​បាល​បង្ការ​ពន្លត់អគ្គិភ័យ និងសង្រ្គោះបន្ទាន់។

ការចុះផ្សាយលើកឡើងថាគ្រោះអគ្គិភ័យក្នុងឆ្នាំ២០១៧ កន្លងទៅនេះ កើតឡើងចំនួន៥១៤ លើកបង្កឲ្យស្លាប់ ២២នាក់ និងរបួស ១២៨នាក់ ដែលឆេះផ្ទះអស់ ៤៨០ខ្នង ហើយឆេះប្រាក់រៀលចំនួន ១ ០៦១​ ៦៧៥ ​៥០០​រៀល និងប្រាក់ដុល្លារអស់ ២.១៣៩.៦២៩សុល្លារ និងខូចខាតទ្រព្យសម្បត្តិប្រើប្រាស់មួយចំនួនទៀត។

ការចុះផ្សាយដដែលបន្តថាករណីនេះបានថយចុះរហូតដល់ទៅ៩៨លើក ស្មើនឹង ១៩ភាគរយ ដែលក្នុង​ឆ្នាំ​២០១៦ ​មានអគ្គិភ័យ​ កើតឡើងរហូតដល់ ៦១២លើក។

ក្នុងពីធី​ប្រជុំ​ផ្សព្វ​ផ្សាយ​​​លិខិតបទដ្ឋានគតិយុត្តិ ផែនការយុទ្ធសាស្រ្តរយៈពេល ៣ឆ្នាំ (២០១៨-២០២០) របស់​នាយក​​ដ្ឋាន​នគរ​បាល​បង្ការ​ពន្លត់អគ្គិភ័យ និងសង្រ្គោះបន្ទាន់ នាយឧត្តមសេនីយ៍ សួស អង្គារ៍ លើកឡើងថា នគរ​បាលពន្លត់អគ្គិភ័យត្រូវប្រកាន់ខ្ជាប់នូវក្រមសីលធម៌ វិជ្ជាជីវៈ ជានគរបាលជាតិ មិនត្រូវយកតួនាទី ឋានន្តរស័ក្តិ ទៅសំឡុតគម្រាមកំហែងបរជាពលរដ្ឋស្លូតត្រង់ ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ ។

នាយឧត្តមសេនីយ៍ សួស អង្គារ៍ មានប្រសាសន៍ទៀតថា ដើម្បីឲ្យការងារពន្លត់អគ្គិភ័យទទួលបានជោគជ័យ និង​ទទួល​បានការជឿជាក់ពីប្រជាពលរដ្ឋ នគរបាលត្រូវត្រៀមខ្លួនជានិច្ច ដើម្បីជួយសង្រ្គោះអាយុជីវិត ទ្រព្យសម្បត្តិ ឲ្យ​បាន​ទាន់ពេលវេលា និងប្រកាន់ខ្ជាប់នូវអនុសាសន៍របស់ សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ៤ឃ្លាគឺ​ «លឿន​រហ័ស ប្រសិទ្ធភាព យុត្តិធម៌ និងតម្លាភាព» ៕