ក្រសួងសុខាភិបាលអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបរិភោគចំណីអាហារ ជាពិសេសត្រីក្រពត ៣ប្រភេទដែលពុលបណ្ដាលឲ្យស្លាប់។
ការអំពាវនាវបែបនេះដើម្បីជៀសវាងបញ្ហាសុខភាព បន្ទាប់ពីមានករណីពុលត្រីក្រពតនៅខេត្តកោះកុងបណ្ដាលឲ្យស្លាប់បុរសម្នាក់ និងពុលមានសភាពធ្ងន់ធ្ងរចំនួន ៩នាក់ផ្សេងទៀតកាលពីពេលថ្មីនេះ។
កាលពីថ្ងៃទី ២២ ខែមករា ពលរដ្ឋនៅក្នុងភូមិកោះស្ដេច ឃុំកោះស្ដេច ស្រុកគិរីសាគរ ចំនួន ១០នាក់បានពុលត្រីក្រពតបណ្ដាលឲ្យបាត់បង់ជីវិតម្នាក់ និងពុលធ្ងន់ធ្ងរបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យចំនួន ៩នាក់ផ្សេងទៀត។
ក្រសួងសុខាភិបាលបានចេញសេចក្ដីប្រកាសព័ត៌មានជាថ្មីមួយចុះថ្ងៃទី ២៥ ខែមករានេះ ដើម្បីរំលឹក និងជំរុញឲ្យពលរដ្ឋមានការអនុវត្តនូវការបង្ការបញ្ហាសុវត្ថិភាពចំណីអាហារ និងប្រុងប្រយ័ត្នក្នុងការបរិភោគចំណីអាហារ ដើម្បីជៀសវាងបញ្ហាសុខភាព និងជៀសវាងការបរិភោគត្រីក្រពតដែលអាចបណ្ដាលឲ្យបាត់បង់អាយុជីវិត។
ក្រសួងក៏បានលើកឡើងដែរថាត្រីក្រពតនៅកម្ពុជាមានចំនួន ១០ ប្រភេទ ដែលក្នុងនោះមាន៣ ប្រភេទដូចក្នុងរូបខាងក្រោមមានជាតិពុល ដែលសារជាតិពុលនៅក្នុងត្រីក្រពតនោះមិនអាចកំចាត់ចោលតាមរយៈការចំអិន ឬដាក់ឲ្យកក់នោះទេ។
ក្រសួងសុខាភិបាលក៏បន្តជំរុញឲ្យអ្នកទទួលទានអាហារ និងទាំងអ្នកបម្រើសេវាចំណីអាហារឲ្យដើរតួនាទីសំខាន់ក្នុងការអនុវត្តនូវសុវត្ថិភាពចំណីអាហារ ចាប់តាំងពីការរៀបចំចំណីអាហារ ការរក្សាទុកដាក់ និង ការចំអិនអាហារជាដើម៕