កម្លាំងនគរបាលខេត្តកណ្តាលប្រមាណជិតមួយពាន់នាក់ ត្រូវបានប្រមូលផ្តុំនៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ដើម្បីត្រៀមរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងឱកាសបុណ្យទន្លេនាពេលខាងមុខនេះ។
តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថានាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៨ កម្លាំងនគរបាលខេត្តកណ្តាលប្រមាណជិតមួយពាន់នាក់ ត្រូវបានប្រមូលផ្តុំនៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីធ្វើការបែងចែកតាមគោលដៅ រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងឱកាសបុណ្យទន្លេនៅថ្ងៃទី ៩ ដល់ ១១ ខែ មីនានេះ។
តាមការចុះផ្សាយដដែលស្នងការនគរបាលខេត្តកណ្តាល លោក អ៊ាវ ចំរើន បានថ្លែងថា នៅព្រឹកនេះលោក និងលោកស្នងការរង ព្រមទាំងសហការី បានធ្វើការបែងចែកកម្លាំងចម្រុះ នៅតាមគោលដៅជាច្រើនកន្លែង ដើម្បីត្រៀម រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងឱកាសបុណ្យទន្លេនេះ ។
តាមការចុះផ្សាយដដែលលោក អ៊ាវ ចំរើន ថា បុណ្យទន្លេ ខេត្ដកណ្ដាល ទើបទទួលបានរៀបចំឡើងជាលើកទី១ នៅដងទន្លេបាសាក់ ត្រង់ចំណុចខាងមុខសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ដោយមានការអនុញ្ញាតិពីសម្ដេចអគ្គមហារសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ។
តាមការចុះផ្សាយដដែលោកស្នងការបន្ដថា តាមការរៀបចំរបស់គណៈកម្មការ បុណ្យទន្លេមាន លេងល្បែង ប្រជាប្រិយ ប្រកួតកីឡា ហែលទឹក ប្រណាំងកង់ និងល្បែងលេងកំសាន្ដជាច្រើនទៀត ដែលមិនធ្លាប់មាន ដោយឡែកក៏មានស្ដង់ប្រមាណជាង៥៥០ស្ដង់ ដាក់តាំងលក់ផលិតផលក្នុងស្រុក និងផលិតផលក្រៅស្រុកជាច្រើន ។
តាមការចុះផ្សាយនោះបន្តថាតាមការប៉ាន់ស្មាន ក្នុងមួយថ្ងៃមានបងប្អូនប្រជាពលរដ្ឋខ្មែរ និងទេសចរណ៍អន្ដរជាតិ ចូលរួមលេងកំសាន្ដមិនក្រោម៣០ម៉ឺននាក់នោះទេ ដូច្នេះសមត្ថកិច្ចនគរបាលខេត្ដកណ្ដាលមានតួនាទីរក្សា ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ពិសេសបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកលេងកំសាន្ដ៕