ពលរដ្ឋ ៦នាក់ត្រូវបានជួយសង្រ្គោះឲ្យបានវិលត្រឡប់មកកម្ពុជាវិញ

43

ពលរដ្ឋចំនួន ៦នាក់ត្រូវបានអាជ្ញាធរជួយសង្រ្គោះឲ្យបានវិលត្រឡប់មកកម្ពុជាវិញកាលពីពេលថ្មីៗនេះ បន្ទាប់ពីពួកគេរងគ្រោះពីការចំណាកស្រុកទៅប្រទេសចិន និង​ម៉ាឡេស៊ី។

ក្រសួងការបរទេសបានចេញសេចក្ដីថ្លែងការណ៍មួយចុះថ្ងៃទី ១៣ ខែ កុម្ភៈនេះបានឲ្យដឹងថាពលរដ្ឋខ្មែរដែល​រងគ្រោះពីការ​ចំណាកស្រុកទៅប្រទេសម៉ាឡេស៊ី និង​ចិន ចំនួន ៦នាក់ ត្រូវបានជួយសង្គ្រោះឲ្យបានវិល​ត្រឡប់​មក​ស្រុកកំណើតវិញ។

ក្រសួងការបរទេសបន្តថាក្នុងចំណោមជនរងគ្រោះទាំងនោះ មាន ៥នាក់បានរងគ្រោះពីការ​ចំណាកស្រុក​ទៅ​ធ្វើការ​ខុសច្បាប់ នៅប្រទេសម៉ាឡេស៊ី ហើយត្រូវបានអាជ្ញាធរ កម្ពុជា សហការជាមួយអាជ្ញាធរ​ម៉ាឡេស៊ី ជួយ​សង្គ្រោះ​ឲ្យបានវិល​ត្រឡប់​មកវិញនៅថ្ងៃទី ១០ និង​១១ ខែកុម្ភៈនេះ។

ការចុះផ្សាយដដែលបន្ថែមថាចំណែកមួយករណីទៀត ត្រូវបានជួយសង្គ្រោះឲ្យបានវិលត្រឡប់មកកម្ពុជាវិញ បន្ទាប់ពីជនរងគ្រោះនោះត្រូវបានមេខ្យល់ បោកយកទៅរៀបការជាមួយជនជាតិចិននៅប្រទេសចិន។

ការចុះផ្សាយដដែលនោះថាករណីនេះគឺជាស្រ្តីដែលមានអាយុតែ ១៧ ឆ្នាំ ហើយមានស្រុកកំណើតក្នុងខេត្​តកំពត ដែលត្រូវបានជួយសង្គ្រោះឲ្យវិលត្រឡប់មកដល់កម្ពុជាវិញតាំងពីថ្ងៃ ០៨ ខែកុម្ភៈ៕