ប៊ីចេង​ក្លែងក្លាយ​រាប់តោន ត្រូវបានសមត្ថកិច្ចបង្រ្កាប​នៅ​ទីតាំង​ផលិត ៣កន្លែង

77
អាជ្ញាធរចុះបង្ក្រាបទីតាំងផលិតប៊ីចេងក្លែងក្លាយនៅ សង្កាត់បឹងព្រលឹត ខណ្ឌ ៧មករា។

កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយមន្រ្តីកាំកុងត្រូល ផែស្ងួតចុងទីភ្នំពេញ បានចុះ​បង្ក្រាប​ទីតាំងផលិតប៊ីចេងក្លែងក្លាយចំនួន ៣កន្លែងក្នុងទីក្រុងភ្នំពេញ​ និង​បានដកហូតប៊ីចេង​ក្លែងក្លាយជា​ច្រើនតោន​​។

ប៊ីចេងក្លែងក្លាយដែលសមត្ថកិច្ចបង្រ្កាបបាន។

កាលពីថ្ងៃទី២២-២៣ ខែមករា ឆ្នាំ២០១៨ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និង ព្រះរាជអាជ្ញារង នៃ​អយ្យការ​​អមសា​លាដំបូង ដឹកនាំដោយលោក លី សុផាន់ណា បានចុះបង្រ្កាបទីតាំងផលិតប៊ីចេងក្លែងក្លាយ ៣​កន្លែង ស្ថិតក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា និងបង្រ្កាបបានប៊ីចេងសញ្ញារូបវែកក្លែងក្លាយទាំងច្រករួច និង​មិនទាន់ច្រក់ជាច្រើនតោន។ នេះបើតាមការចុះផ្សាយ​នៅលើបណ្ដាញហ្វេសប៊ុក សង្គម និង យុត្តិធម៌។

ការចុះផ្សាយដដែលឲ្យដឹងថាទីតាំងទីដែលផលិតប៊ីចេងក្លែងក្លាយនោះមានដូចជាផ្ទះលេខ២៣ ផ្លូវ១២៥ សង្កាត់​បឹងព្រលឹត ខណ្ឌ៧មករា ដកហូតប៊ីចេងចំនួន៥៣បេ ស្មើនឹង១ ៣៦៤គីឡូក្រាម និងប៊ីចេង​មិនទាន់​វេច​ខ្ចប់ចំនួន៧៦បេ ស្មើនឹង១ ៨៩៨ គីឡូក្រាមជាមួយសំបកវេចខ្ចប់ទំងន់៩៩ គីឡូក្រាម និងម៉ាស៊ីនអ៊ុត​មាត់​ថង់​១​គ្រឿង ម៉ាស៊ីនវេចខ្ចប់១គ្រឿង ។

ចំណែកទីតាំងទី២ស្ថិតនៅផ្ទះ១៤B ផ្លូវ១៤១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ដកហូតប៊ីចេង​ក្លែងក្លាយ​ចំនួន​៨០០ កញ្ចប់តូច ស្មើនឹង២៧៥គីឡូក្រាម និងសំបកខ្ចប់មួយចំនួនទៀត ហើយទីតាំងទី៣-ស្ថិតនៅផ្ទះ១០ ផ្លូវ១៤១ សង្កាត់បឹងព្រលឹត ខណ្ឌ៧​មករា ដដែល។

ក្រោយបង្ក្រាបបានវត្ថុតាងទាំងអស់ត្រូវបានសមត្ថកិច្ច ដកហូតយកទៅរក្សាទុកនៅ​នាយកដ្ឋាននគរ​បាល​ប្រឆំាង​បទ​ល្មើស​សេដ្ឋ​កិច្ច និងបាននាំម្ចាស់ទីតាំងទាំង២នាក់ មកនាយកដ្ឋានដើម្បីបន្តនីតិវិធី និងចាត់វិធាន​ការតាម​ច្បាប់​។

សមត្ថកិច្ចឲ្យដឹងថាការចុះបង្រ្កាបនេះធ្វើឡើងបន្ទាប់បណ្ដឹងប្ដឹងពីក្រុមហ៊ុនប៊ីចេងនៅថៃឈ្មោះ Thai fermentation industry co.ltd ពីបទក្លែងបន្លំម៉ាកប៊ីចេងរូបវែករបស់ក្រុមហ៊ុន ដែលមានការចុះបញ្ជីរពាណិជ្ជកម្ម​នៅ​កម្ពុជា។

លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច បានឲ្យដឹងថា នៅមុនពេល​ឈាន​ដល់ការចុះប្រតិបត្តិកាបង្ក្រាបរទីតាំងផលិតប៊ី

ចេង ទាំង ៣ទីតាំងនេះ គឺខាងកម្លាំងនគរបាលប្រឆាំង​បទ​ល្មើ​ស​​សេដ្ឋកិច្ច បានទទួលពាក្យបណ្ដឹងពីម្ចាស់ក្រុមហ៊ុនថា នៅពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុន និងទីតាំងផលិត​ប៊ីចេងក្លែងក្លាយ ជាច្រើនទីតាំងកំពុងលួចផលិត និងចែកចាយពេញទីក្រុងភ្នំពេញ និងតាមបណ្តាខេត្ត៕