លោក ស៊ុន ចាន់ថុល ថា ចិនគឺជាដៃគូដ៏ល្អឥតខ្ចោះលើវិស័យហេដ្ឋា​រចនា​សម្ព័ន្ធនៅកម្ពុជា

60

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា លោក ស៊ុន ចាន់ថុល បាន​សរសើរចិនថា គឺជាដៃគូដ៏ល្អឥតខ្ចោះលើវិស័យហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ដោយចិនបាន​ដើរ​តួនាទីក្នុងការគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

ក្នុងកិច្ចសម្ភាសន៍ផ្ទាល់ជាមួយអង្គភាពសារព័ត៌មាន Fresh News លោក រដ្ឋមន្រ្តីក្រសួង​សាធារណ​ការ បានលើកឡើងថា  ហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវថ្នល់ ស្ពាន ផ្លូវដែក កំពង់ផែ អាកាសយានដ្ឋាន ពិតជាចាំបាច់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជា ហើយ​ប្រទេស​ចិនបានដើរតួនាទី និងគាំទ្រការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

លោក ថា ផ្លូវថ្នល់ជាង២ពាន់គីឡូម៉ែត្រ និងស្ពានធំៗ ឆ្លងកាត់ទន្លេចំនួន៧ និង កំពង់ផៃកុង​តឺន័រ​ថ្មីមួយនៃកំពង់ផែស្វយ័តភ្នំពេញ ត្រូវបានស្ថាបនាក្រោមជំនួយរបស់ចិន។ ក្រៅពីផ្តល់​ជំនួយហិរញ្ញវត្ថុដល់កម្ពុជា ចិនក៏បានផ្តល់ជំនួយបច្ចេកទេស និងជួយបណ្តុះបណ្តាលមន្រ្តីដឹក ជញ្ជូនកម្ពុជាផងដែរ។

ជាមួយគ្នានេះដែរ រដ្ឋាភិបាលចិន ជាប្រទេសដែលបានផ្តល់កម្ចីសម្រាប់សាងសង់ផ្លូវ និង​ស្ពាន​នៅកម្ពុជាច្រើនជាងគេ ដែលមានទំហំទឹកប្រាក់រហូតដល់ជាង ២ពាន់លានដុល្លារអាមេរិក។ ស្ពានឆ្លងកាត់ទន្លេសរុបចំនួន ៧ខ្សែដែលបានសាងសង់រួចនោះរួមមាន៖ ស្ពានស្ពានកោះធំ ស្ពានជ្រោយចង្វា២ ស្ពានសេកុងខេត្តស្ទឹងត្រែង ស្ពានព្រែកក្តាម ស្ពានព្រែតាម៉ាក់ ស្ពានមេគង្គ​ស្ទឹងត្រែង និងស្ពានតាខ្មៅ។ នេះគឺជាការបញ្ជាក់របស់លោក ស៊ុន ចាន់ថុល។

ក្រៅពីការផ្តល់កម្ចីដល់កម្ពុជាក្នុងការសាងសង់ស្ពានឆ្លងកាត់ទន្លេនេះដែរ រដ្ឋាភិបាលចិន ក៏​បាន​ផ្តល់កម្ចីជួយសាងសង់ផ្លូវ​នៅកម្ពុជារួចរាល់បានប្រវែងជិត ២ពាន់គីឡូម៉ែត្រ និងកំពុង​សាង​​សង់ជិត ៧រយគីឡូម៉ែត្រ និងត្រៀមសាងសង់មួយចំនួនទៀត៕