សង្គមស៊ីវិលសាទរចំពោះវិធានការក្តៅរបស់សមត្ថកិច្ចក្នុងការចាប់អ្នកជិះម៉ូតូដែលមិនពាក់មួកសុវត្ថិភាព

49

(ភ្នំពេញ)៖ សង្គមស៊ីវិលដែលធ្វើការងារលើប្រព័ន្ធចរាចរណ៍ បានបង្ហាញការសាទរចំពោះ​វិធាន​​ការក្តៅ​រ​បស់សមត្ថកិច្ចក្នុងការចុះចាប់អ្នកជិះម៉ូតូដែលមិនពាក់មួកសុវត្ថិភាពដែល​កំពុងចរាចរណ៍​លើ​ដងផ្លូវដោយធ្វើការឃាត់ម៉ូតូទុក និងធ្វើការអប់រំ ហើយផាកពិន័យ មុនប្រគល់ម៉ូតូទៅ អោយវិញ។ សង្គមស៊ីវិល ចាត់ទុកថា វិធានការក្តៅនេះ គឺជាសារដ៏មាន​សារៈសំខាន់អោយ ប្រជាពលរដ្ឋកាន់តែមានការយល់ដឹងចំពោះការជិះម៉ូតូដែល​មិនបាន​ពាក់​មួកសុវត្ថិភាព។

ការសាទរនេះ គឺធ្វើឡើងបន្ទាប់ពីសមត្ថកិច្ចនគរបាលបានបើកប្រតិបត្តិការទ្រង់ទ្រាយធំនៅ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៥ ខែមករានេះ ដោយសមត្ថកិច្ចបានចាប់អ្នកបើកបរម៉ូតូមិន​ពាក់សុវត្ថិភាព អ្នកជិះបញ្ជៀសទិស អត់កញ្ចក់​ដោយធ្វើការដកហូតម៉ូតូយកទៅរក្សាទុក​នៅស្នងការនគរបាលរាជធានី​ភ្នំពេញ ចាំធ្វើការផាកពិន័យតាមក្រោយ។

លោកស្រី លឹម សុខជា នាយិកាអង្គ​ការ​សម្ព័ន្ធដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យ​ដឹង​នៅព្រឹកថ្ងៃទី៥ ខែមករានេះ ថា លោកស្រីគាំទ្រចំពោះចំណាត់ ការរបស់សមត្ថកិច្ចបែប​នេះ ដើម្បីអោយប្រជាពលរដ្ឋយកចិត្តទុកដាក់ក្នុងការពាក់មួក សុវត្ថិភាពពេលធ្វើដំណើរ ខណៈដែលកម្រិតអ្នកស្លាប់ដោយសារតែ ការមិនពាក់មួក​សុវត្ថិភាព​នេះ គឺមានច្រើនលើស​លប់​​ក្នុងឆ្នាំ២០១៧កន្លងទៅនេះ ហើយជា ពិសេសអ្នក​បើក​បរ​វ័យក្មេងផងដែរ។

ជាមួយគ្នានេះដែរ លោកស្រី ក៏ចង់អោយសមត្ថកិច្ចមានវិធានការអប់រំផងដែរចំពោះ​អ្នក​ជិះម៉ូតូដែលមិនពាក់មួកសុវត្ថិភាព ទន្ទឹមនឹងការផាកពិន័យ ដោយជំរុញអោយពួក​គាត់​ទៅរកមួកសុវត្ថិភាពមកពាក់នៅចំពោះមុខសមត្ថកិច្ចជាដើម។

គួររំលឹកថា គ្រោះថ្នាក់ចរាចរណ៍កើតឡើងក្នុងក្របខណ្ឌទូទាំងប្រទេសក្នុងឆ្នាំ ២០១៧ មានចំនួន៣.៥៣១​លើក ដែលបណ្តាលអោយមនុស្សចំនួន ១.៧៨០នាក់បានស្លាប់។  ក្នុងចំណោមអ្នកស្លាប់នេះ គឺភាគច្រើនជា អ្នកបើកបរម៉ូតូ ហើយជិត៨០ភាគរយ គឺមិនពាក់មួកសុវត្ថិភាព។

សូមជម្រាបថា កាលពីពេលថ្មីៗនេះ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ បានធ្វើការអំពាវនាវដល់សមត្ថកិច្ចទាំងអស់ ត្រូវតែរួមគ្នារឹតបន្តឹងចំពោះ​ អ្នកជិះម៉ូតូគ្មាន​មួកសុវត្ថិ​ ភាព​បន្ថែមទៀត ខណៈអត្រាគ្រោះថ្នាក់ចរាចរណ៍ដោ យគ្មានមួកសុវត្ថិភាពមានការកើនឡើង​គួរឲ្យព្រួយ​បារម្ភនោះ។

ជាមួយគ្នានឹងការរឹតបន្តឹងនេះដែរ សមត្ថកិច្ចទាំងអស់ក៏ត្រូវតែប្ រកាន់ឥរិយាបទម៉ឺងម៉ាត់ តែទន់ភ្លន់ ជៀសវាងការថ្នាំង​ថ្នាក់ពី​ប្រជាពលរដ្ឋ៕