សម្តេច ស ខេង អំពាវនាវអោយសមត្ថកិច្ចរឹតបន្តឹងច្បាប់ចរាចរណ៍ចំពោះអ្នកជិះម៉ូតូមិនពាក់មួក

55

(ភ្នំពេញ)៖សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានធ្វើការអំពាវនាវដល់សមត្ថកិច្ចទាំងអស់ ត្រូវតែរួមគ្នារឹតបន្តឹងចំពោះអ្នកជិះម៉ូតូគ្មានមួកសុវត្ថិភាពបន្ថែមទៀត ខណៈអត្រាគ្រោះថ្នាក់ចរាចរណ៍ដោយគ្មានមួកសុវត្ថិភាពមានការកើនឡើងគួរឲ្យព្រួយបារម្ភនោះ។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិនៅថ្ងៃទី២៨ ខែធ្នូនេះ។

ក្នុងពិធីបិទមហាសន្និបាតសមាគមមិត្តនគរបាលជាតិកម្ពុជា អាណត្តិទី៤ នៅថ្ងៃទី២៨ ខែធ្នូ នេះ សម្តេច ស ខេង បានអោយដឹងថា អត្រាគ្រោះថ្នាក់ចរាចរណ៍នាពេលបច្ចុប្បន្នគឺមានការកើនឡើងជាបន្តបន្ទាប់ ហើយអ្នកដែលគ្រោះថ្នាក់ដល់ជីវិតច្រើនជាងគេនោះ គឺអ្នកដែលជិះម៉ូតូដោយគ្មានពាក់មួកសុវត្ថិភាពពោលគឺរហូតដល់៧៨ភាគរយ។

ឆ្លើយតបទៅនឹងបញ្ហាប្រឈមនេះ សម្តេចបានអំពាវនាវដល់សមត្ថកិច្ចគ្រប់អង្គភាពទាំងអស់ ត្រូវតែរឹតបន្តឹងបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យអត្រាគ្រោះថ្នាក់ចរាចណ៍នេះធ្លាក់មកនូវតិចតួចបំផុត ។ ប៉ុន្តែទន្ទឹមនឹងការរឹតបន្តឹងនេះដែរ សមត្ថកិច្ចទាំងអស់ក៏ត្រូវតែប្រកាន់ឥរិយាបទម៉ឺងម៉ាត់ តែទន់ភ្លន់ ជៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ។

សូមរំលឹកថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករយៈពេល ១០ខែដំបូង នៃឆ្នាំ២០១៧នេះ បានកើតឡើងចំនួន២.៩៥៨លើក បណ្តាលឲ្យស្លាប់ចំនួន ១.៤៦៩នាក់ និងរបួសចំនួន ៤.៥៣០នាក់ ក្នុងនោះជាមធ្យមក្នុងមួយថ្ងៃ មានអ្នកស្លាប់ចំនួន៤.៨នាក់ និងរបួសចំនួន ១៥.១នាក់ ហើយភាគច្រើននៃអ្នកស្លាប់គឺ កើតចេញពីគ្មានពាក់មួកសុវត្ថិភាព៕