(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ តាមរយៈលិខិតចុះថ្ងៃទី១៩ ធ្នូ បានធ្វើ ការហាមប្រាមវិទ្យុ និងទូរទស្សន៍ក្នុងស្រុកទាំងអស់ចាក់ផ្សាយបទចម្រៀងដែលមាន ចំណងជើងថា«គ្រូបង្រៀនស្រវឹងស្រា» ដែលច្រៀងដោយលោកស្រី ចេន សាយថៃ របស់ផលិតកម្មថោន។ លោក ខៀវ កាញារីទ្ធ ចាត់ទុកចម្រៀងមួយបទនេះ គឺជាមានខ្លឹមសារបន្តុះបង្គាប់ គ្រូបង្រៀន។
ក្នុងលិខិតរបស់លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា ខ្លឹមសារនៃបទចម្រៀងនេះ បានប្រាសចាកអំពីអកប្បកិរិយា និងសីលធម៌ថ្លៃថ្នូររបស់គ្រូបង្រៀនទូទៅធ្វើឲ្យប៉ះពាល់យ៉ាង ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់គ្រូបង្រៀន។ លោក ថា បទចម្រៀងមួយបទនេះ បានធ្វើឲ្យមានប្រតិកម្មពីសំណាក់មហាជនទូទៅ និងជិះឥទ្ធិពលមិនល្អដល់សង្គមទាំងមូល ហើយខ្លឹមសារនៃបទចម្រៀងនេះ បានដក់ជាប់នឹងអារម្មណ៍របស់កុមារ ដែលពុំទាន់មានមូល ដ្ឋាននៃការពិចារណាច្បាស់លាស់នៅឡើយ។
លោក យឹម តាស្រង់ អ្នកនិពន្ធ និងទំនុកច្រៀនៃបទ«គ្រូបង្រៀនស្រវឹងស្រា» របស់ផលិតកម្មថោន បានឲ្យដឹងថា បទចម្រៀងនេះ គឺមិនមែនអត្ថន័យសំដៅលើលោកគ្រូបង្រៀនទាំងអស់នោះទេ។ ប៉ុន្តែគ្រាន់តែសំដៅលើលោកគ្រូបង្រៀនមួយចំនួននៅតាមស្រុកស្រែជនបទដែលលោកធ្លាប់ដឹង។
លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់នៅក្នុងលិខិតថា ដើម្បីជៀសវាងផលអវិជ្ជមាន និង ប៉ះពាល់ដល់អារម្មណ៍ កិត្តិយស និងសេចក្តីថ្លៃថ្នូរបស់គ្រូបង្រៀនទូទៅពីការផ្សព្វផ្សាយចម្រៀងនេះ ក្រសួងស្នើឲ្យម្ចាស់ស្ថានីយ៍វិទ្យុ និងទូរទស្សន៍ក្នុងស្រុកទាំងអស់ចាក់ផ្សាយ បទចម្រៀងនេះចាប់ពីថ្ងៃចេញលិខិតនេះតទៅ៕