សម្តេច ស​ ខេង ប្រកាសលុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅទូទាំងប្រទេស

78

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្តេច ស ខេង បានចេញ​សេចក្តី​ណែនាំប្រកាសលុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅទូទាំងប្រទេស។ សម្តេច ចាត់ទុកថា ការលុបចោលនេះ គឺដើម្បីលុបបំបាត់នូវសកម្មភាពនានាដែលតែងតែកើត មានឡើងនៅតាមប៉ុស្តិ៍ត្រួតពិនិត្យ ដែលបង្កការថ្នាំថ្នាក់ពីប្រជាពលរដ្ឋ។ នេះបើយោង​តាម​សេចក្តីជូនដំណឹងចុះថ្ងៃទី៥ ខែ​មករានេះ។

សម្តេច ស ខេង បានឲ្យដឹងថា ការលុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យនៅទូទាំងប្រទេស នេះទៀតសោត គឺជាការជម្រុញអោយបានសម្រេចនូវគោលនយោបាយ និងការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់សេវាបម្រើ ក៏ដូចជាបង្កលក្ខណៈសម្បត្តិល្អប្រសើរ ជូនប្រជាពលរដ្ឋ។

ដោយឡែកក្នុងករណីមានភាពចាំបាច់ដោយផ្អែកលើស្ថានការណ៍ជាក់ស្តែង ដែលតម្រូវ អោយមានប៉ុស្តិ៍ត្រួតពិនិត្យឈរជើងអចិន្រ្តៃយ៍ ឬប៉ុស្តិ៍ចល័តត្រួតពិនិត្យរបស់ស្ថាប័នជំនាញ នៅក្នុងភូមិសាស្រ្តរាធានី ខេត្តនោះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ត្រូវធ្វើ សំណើរសុំការពិនិត្យ សម្រេច ពីប្រធានគណៈបញ្ជាការដឹកនាំត្រួតពិនិត្យ និងលុបបំបាត់ ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យតាមផ្លូវគោក និងផ្លូវទឹក ទើបអាចអនុវត្តបាន។ នេះគឺជា​ការ​បញ្ជាក់នៅក្នុងសេចក្តីជូនដំណឹង។

ជាមួយគ្នានេះដែរ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត មានភារកិច្ចទទួលខុស​ត្រូវ ក្នុងការដឹកនាំត្រួតពិនិត្យរាល់សកម្មភាពអនុវត្តរបស់ប៉ុស្តិ៍ត្រួតពិនិត្យដែលត្រូវបាន បង្កើត ព្រមទាំងធានាអោយបានដាច់ខាត មិនអោយមានអំពើអសកម្មណាមួយកើតឡើង ធ្វើអោយប៉ះពាល់គោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ឬប៉ះពាល់ដល់សិទ្ធិ សេរីភាព និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ៕