រដ្ឋមន្ត្រីក្រសួងកសិកម្ម ពិភាក្សាជាមួយអ្នកជំនាញមកពីសហរដ្ឋអាមេរិកលើកិច្ចសហប្រតិបត្តិការស្រាវជ្រាវដំឡូងមី

42

(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន កាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ២០១៨ បានជួបពិភាក្សាការងារជាមួយលោកសាស្រ្តាចារ្យ W.Ronnie Coffman និង លោកសាស្រ្តាចារ្យ Max. J. Pfeffer មកពីមហាវិទ្យាល័យវិទ្យាសាស្រ្តជីវិតនិង​កសិកម្មនៃ​សកលវិទ្យាល័យ Cornell សហរដ្ឋអាមេរិច ដើម្បីពិភាក្សាពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវ​ដំឡូងមី។ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងកសិកម្មនៅថ្ងៃទី៨ ខែមករា។

ក្រសួងកសិកម្ម បានអោយដឹងថា កិច្ចសហប្រតិបត្តិការស្រាវជ្រាវ​ដំឡូងមី គឺមានឈ្មោះថា​គម្រោងពូជដំឡូងមីជំនាន់​ក្រោយ ដែលគម្រោងនេះគឺមានគោលបំណង​បង្កើនល្បឿន​នៃ​ការ​កែលម្អហ្សែនក្នុងការបង្កាត់ពូជដំឡូងមី និងបង្ហាញពីសក្តានុពលដំឡូងមី។

លោករដ្ឋមន្រ្តីក្រសួងកសិកម្ម បានមានប្រសាសន៍ថា កម្ពុជាមានសក្តានុពលក្នុងការដាំ​ដុះ​ដំណាំ​កសិកម្ម ក្នុងនោះដំឡូងមី ជាផលិតផលកសិកម្មមួយដែលមានសក្តានុពលក្នុងចំណោម​ផលិតផលសំខាន់ៗនៅកម្ពុជា ហើយបច្ចុប្បន្នកម្ពុជាបានដាំដុះដំណាំដំឡូង​មីលើផ្ទៃដី​ប្រមាណ ៦៧០.០០០ ហិកតា អាចមានលទ្ធភាពផលិតបានប្រមាណ ១៤លានតោន​ក្នុងមួយ​ឆ្នាំ។

ជាមួយគ្នានេះដែរ ក្រសួងកសិកម្ម មានទស្សនៈវិស័យក្នុងការជំរុញការដាំដុះផលិតផល​កសិកម្ម​ដែលជាតម្រូវការទីផ្សារ ដែលមានលក្ខណៈអំណោយផលក្នុងការដាំដុះ មានភាពធន់​ទៅនឹងជំងឺនិងការប្រែប្រួលអាកាសធាតុ មានទិន្នផលខ្ពស់ និងចំណូលខ្ពស់ដល់កសិករ។ លោកសាស្រ្តាចារ្យ Ronnie Coffman បានអោយដឹងថា គម្រោងពូជដំឡូងមីជំនាន់ក្រោយ​នេះ​បានចាប់ផ្តើមតាំងពីឆ្នាំ ២០១២ នៅក្នុងទ្វីបអាហ្រ្វិក និងត្រូវបានដឹកនាំដោយកម្មវិធី​អន្តរជាតិ​នៅ​មហាវិទ្យាល័យវិទ្យាសាស្រ្តជីវិតនិងកសិកម្មនៃសកលវិទ្យាល័យ Cornell ដោយ​សហការ​ជា​​មួយ​​វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្រ្តកសិកម្មត្រូពិច និងវិទ្យាស្ថានស្រាវជ្រាវដំណាំ​ស្រូវជាតិនៃប្រទេសនីហេ្សរីយ៉ា។

ដោយឡែកលោកសាស្រ្តាចារ្យ Max. J. Pfeffer បានអោយដឹងដែរថា លោកបានធ្វើការ​ស្រាវ​ជ្រាវនូវប្រភេទពូជដំឡូងមីជំនាន់ថ្មី ដែលមានការធន់ទៅនឹងជំងឺ និងមានផលិតភាពខ្ពស់ ហើយ​​លោកបានធ្វើការដាំសាកល្បងនៅក្នុងទ្វីបអាហ្រ្វិក និងអាមេរិក ដូច្នេះដើម្បីអោយ​ការ​ស្រាវជ្រាវនេះកាន់តែមានប្រសិទ្ធភាព លោកមានបំណងសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបណ្តាអ្នកស្រាវជ្រាវ ដើម្បីធ្វើការពិសោធន៍សាកល្បង និងដើម្បី​ស្វែង​យល់ពីប្រភេទពូជផ្សេងៗ ព្រមទាំងសិក្សាពីបញ្ហាដែលបានជួបប្រទះលើការដាំ​ដុះដំឡូង​មីនៅកម្ពុជា៕