កម្ពុជាព្រមានការមកដល់នៃសត្វល្អិតចង្រៃដែលមានឈ្មោះថា «ខ្មួតកាប្រា»

90

(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្មកម្ពុជា បានព្រមានចំពោះការមកដល់នៃសត្វល្អិតចង្រៃដែលវាមានឈ្មោះថា «ខ្មួតកាប្រា»។ កម្ពុជានឹងរងនូវផលប៉ះពាល់ចំពោះការនាំ ចេញផលិតផលទៅលក់នៅក្រៅប្រទេសប្រសិនបើមានវត្តមានសត្វចង្រៃប្រភេទនេះនៅក្នុងប្រទេសកម្ពុជា។

លោក ហ៊ាន វណ្ណហន អគ្គនាយក នៃអគ្គនាយកដ្ឋានកសិកម្ម របស់ក្រសួងកសិកម្ម បានប្រាប់អង្គភាពសារព័ត៌មាន Fresh News នៅយប់ថ្ងៃទី១១ ខែមករានេះ ថា ប្រសិនបើសត្វខ្មូតកាប្រានេះ ចូលមកកម្ពុជា យើងមិនអាចនាំចេញទំនិញបានទេ។ តែទោះបីជាយ៉ាងណាលោក ថា បច្ចុប្បន្ននេះ កម្ពុជា មិនទាន់មាននោះទេ ប៉ុន្ដែបើសិនជាមាន កម្ពុជា គឺចប់តែម្ដងចំពោះការនាំចេញ ទៅណាក៏មិនបាននោះដែរ។

មន្រ្តីជាន់ខ្ពស់រូបនេះ បានបន្តថា ខ្មួតកាប្រានេះ គឺវារាតត្បាតលើផលិតផលរាប់រយមុខ ដោយវាអាចរស់ដោយគ្មានចំណីលើសពី៩ខែ អាចរស់បានរហូត៦ឆ្នាំ និងវាធន់នឹងថ្នាំ មិនងាយនឹងកំចាត់។ វាអាចមានរហូតលើសំបកបាវចាស់ សំបកកុងតឺន័រលើរថយន្ដ និងមធ្យោ​បាយដឹកជញ្ជូនគ្រប់ប្រភេទ។

លោក ថា ប្រភេទសត្វនេះ គឺវាមាននៅក្នុងប្រទេសឥណ្ឌា និងនៅក្នុងប្រទេសជាច្រើនទៀត នៅជុំវិញពិភពលោក ហើយដើម្បីទប់ស្កាត់ មិនលំបាក់នោះទេ គឺសមត្ថកិច្ចតាមច្រកទ្វាផ្លូវព្រំដែន ត្រូវធ្វើការត្រួតពិនិត្យ មុនអនុញ្ញាតឲ្យចូលមកប្រទេសកម្ពុជា។ ប្រសិនជាសត្វនេះ ចូលមកក្នុងកម្ពុជា កម្ពុជានឹងមិនអាចនាំចេញផលិតផលកសិផល ទៅក្រៅប្រទេសបាននោះទេ។

ប្រឈមនឹងបញ្ហានេះ លោក ក៏បានអំពាវនាវ ឲ្យសមត្ថកិច្ចដែលមានតួនាទីត្រួតពិនិត្យ នៅតាមច្រកទ្វាព្រំដែន ជួយត្រួតពិនិត្យមើលចំពោះករណីនេះ។ ប្រសិនបើវាបានឆ្លងចូលមកហើយ គឺការកំចាត់លំបាកបំផុត ទោះជាចំណាយរាប់ពាន់លានដុល្លារ ក៏មិនអាចលុបបំបាត់បានឡើយ។ លោក ថា កុំថាឡើយសមត្ថភាព ឬក៏ធនធានរបស់កម្ពុជា សូម្បីតែសហរដ្ឋអាមេរិក ក៏មិនអាចលុបបំបាត់ប្រភេទសត្វ «ខ្មួតកាប្រា» ទៅវិញបានទេ៕