ចាប់ពីថ្ងៃទី៩ មករាតទៅ មុនចូលក្រសួងមហាផ្ទៃ និងអគ្គស្នងការ អ្នកជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាពទើបអោយចូល

41

(ភ្នំពេញ)៖ ជាវិធានការរដ្ឋបាលក្នុងការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក គឺថាមុនចូលអគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ នោះ គឺអ្នកជិះទោចក្រយានយន្ត​ដែលមិនពាក់មួកសុវត្ថិភាព គឺមិនត្រូវបានអនុវត្តអោយចូលនោះទេ​ ដោយតម្រូវឲ្យពាក់មួកសុវត្ថិភាពសិន។ នេះបើយោងតាមលិខិតរបស់អគ្គស្នងការរងនគរបាលជាតិនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧។

ក្នុងលិខិតនោះ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានបញ្ជាក់ថា ការអនុវត្តបែបនេះ គឺដើម្បីជម្រុញការអនុវត្តបទបញ្ជារបស់ក្រសួងមហាផ្ទៃ ក្នុងស្មារតីធ្វើជាគំរូក្នុងការគោរពប្រតិបត្តិច្បាប់។

ជាមួយគ្នានេះ អគ្គស្នងការដ្ឋាននគរបាលជាតិនឹងចាត់មន្រ្តីនគរបាលផ្លូវគោក សហការ ជាមួយមន្រ្តីនគរបាលការពារ ធ្វើការត្រួតពិនិត្យជម្រុញអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមច្រកចូលក្រសួងមហាផ្ទៃ និងច្រកចូលអគ្គស្នងការនគរបាលជាតិ ចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ ដោយធ្វើការអប់រំអ្នកជិះម៉ូតូដែលមិនពាក់មួកសុវត្ថិភាព អោយរកមួកសុវត្ថិភាបមកពាក់ ទើបអនុញ្ញាតអោយចូលក្នុងបរិវេណក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិ៕