ចាប់ពីដើមឆ្នាំ២០១៨ទៅ ​សមត្ថកិច្ចនឹងពង្រឹងការផលិត និងចែកចាយថង់ប្លាស្ទីក

57

(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ ស្ថាប័នមានសមត្ថកិច្ចនឹងចាប់ផ្តើម ពង្រឹងការត្រួតពិនិត្យការនាំចូល ការផលិត និងការចែកចាយថង់ប្លាស្ទិកស្តើងមានដៃយួរ ស្របតាមអនុក្រឹត្យស្តីពីការគ្រប់គ្រង់ថង់ប្លាស្ទិក។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ ក្រសួងបរិស្ថាននៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧។

ថង់ប្លាស្ទិកស្តើងមានដៃយួរ ដែលអនុញ្ញាតអោយធ្វើការនាំចូល ផលិត ចែកចាយ និងប្រើ​ប្រាស់ ត្រូវមានកម្រាស់ចាប់ពី ០,០៣ មីល្លីម៉ែត្រឡើងទៅ និងមានរង្វាស់ទទឹងផ្នែកបាតខាង​ក្រោម​ចាប់​ពី ២៥ សង់ទីម៉ែត្រ ឬ ១០ អ៊ីងឡើងទៅ។

ដោយឡែកចំពោះថង់ប្លាស្ទិកស្តើងមានដៃយួរ ដែលមានកម្រាស់ និងទទឹងផ្នែកបាត មិនឆ្លើយ តបនឹងការកំណត់នេះ ត្រូវបានហាមឃាត់ក្នុងការនាំចូល ផលិត ចែកចាយ និងប្រើប្រាស់។

ជាមួយគ្នានេះដែរ ការផ្តល់ថង់ប្លាស្ទិកស្តើងមានដៃយួរដល់អតិថិជននៅតាមបណ្តា​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម និងផ្សារទំនើបនឹងត្រូវគិតកម្រៃបន្ថែម ចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ​២០១៨​តទៅ៕