(ភ្នំពេញ)៖ កម្ពុជាបាននឹងកំពុងទទួលរងឥទ្ធិពលខ្យល់មូសុងឥសាន និងជ្រលងសម្ពាធខ្ពស់ ខ្សោយពីប្រទេសចិន។ បាតុភូតនេះនឹងធ្វើអោយកម្រិតសីតុណ្ណភាពអាកាសធាតុនៅកម្ពុជានឹងចុះត្រជាក់ចាប់ពីថ្ងៃទី១០ ខែមករាខាងមុខនេះ ជាពិសេសចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមករា។ នេះបើយោងការព្យាករណ៍របស់ក្រសួងធនធានទឹក នៅថ្ងៃនេះ។
អាកាសធាតុនៅកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមករា សម្រាប់ជួរភ្នំដងរែក សីតុណ្ហភាពនឹងចុះត្រជាក់នៅក្នុងរង្វង់១៤អង្សាសេ។ ដោយឡែកបណ្តាខេត្តមួយចំនួនរួមមាន៖ មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង ឧត្តរមានជ័យ ព្រះវិហារ និងប៉ៃលិន សីតុណ្ហភាពនឹងចុះត្រជាក់នៅក្នុងរង្វង់ពី១៦ ទៅ១៨អង្សាសេ។
ចំពោះរាជធានី ខេត្តដទៃទៀត សីតុណ្ហភាពនឹងចុះត្រជាក់មកនៅក្នុងរង្វង់ពី១៩ ទៅ២១អង្សាសេ លើកលែងតែបណ្តាខេត្តនៅតំបន់មាត់សមុទ្រសីតុណ្ហភាពអប្បបរមាស្ថិតក្នុងរង្វង់ពី២៣ ទៅ២៤ អង្សាសេ៕