កំលាំងនគរបាលស្រុក មោងឫស្សី ធ្វើការចុះបង្ក្រាបបទល្មើសនេសាទ ចាប់បានមោងជាង ១ម៉ឺនម៉ែត្រ និងសម្ភារៈឧបករណ៍ ដែលពាក់ព័ន្ធនឹងបទល្មើសនេសាទនេះជាច្រើនទៀត។
តាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិបានឲ្យដឹងថាចាប់ពីថ្ងៃទី ៣១ ខែមករា រហូតដល់ថ្ងៃទី ១ ខែកុម្ភៈ កំលាំងនគរបាលចំនួន២០នាក់ បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទនៅ តំបន់រនាមក្រោម ស្ថិតនៅត្រង់ព្រំប្រទល់ស្រុកចំនួន៣ គឺស្រុកមោងឫស្សី ស្រុកសង្កែ និងស្រុកឯកភ្នំ ត្រង់អតីត ឡូត៍លេខ១ និងឡូត៍លេខ២ លើភូមិសាស្ត្រ ពាមត្រសក់ និងបឹងអាភូត ស្ថិតក្នុងឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
ការចុះផ្សាយដដែលបន្តថាលទ្ឋផលនៃកិច្ចប្រតិបត្តិការបង្ក្រាបនេះ សមត្ថកិច្ចចាប់បាន សាច់មោង ( ណរ៉ាវ ) ប្រវែង ១០ ៥០០ ម៉ែត្រ ឡុក ចំនួន ៣៥ បង្គោលចំនួន ២ ៦២៥ ម៉ែត្រ និងកូនត្រី ប្រមាណ ៣៥០ គីឡូក្រាម។
តាមការចុះផ្សាយដដែលថាក្រោយបង្រ្កាបឧបករណ៍ពាក់ព័ន្ធនឹងបទល្មើសទាំងអស់នោះត្រូវបានសមត្ថកិច្ចដុតបំផ្លាញចោលនៅនឹងកន្លែង ហើយកូនត្រីត្រូវបានព្រលែងទៅវិញ ខណៈម្ចាស់ពុំទាន់ឃើញចេញមុខចំពោះមុខច្បាប់៕