រដ្ឋាភិបាលថាមួយខែចំណាយអស់ ១៥ម៉ឺនដុល្លារលើសេវារថយន្តក្រុង

48

អភិបាលសាលារាជធានីភ្នំពេញលោក ឃួង ស្រេង បានឲ្យដឹងថា ក្នុងមួយខែៗ រដ្ឋាភិបាល​ចំណាយ​ប្រាក់អស់​ ១៥ ម៉ឺនដុល្លារ ដើម្បីបម្រើសេវាដឹកជញ្ជូនតាមរថយន្តក្រុងសាធារណៈ ជូនប្រជាពលរដ្ឋ ព្រះសង្ឃ ចាស់ជរា ជនពិការ កម្មករ និងសិស្សានុសិស្ស។

អភិបាលសាលារាជធានីភ្នំពេញបានលើកឡើងបែបនេះកាលពីថ្ងៃទី២៣ ខែមករា ក្នុងកិច្ចប្រជុំជាមួយ​អភិបាល​ខណ្ឌ ប្រធានមន្ទីរ ចៅសង្កាត់ ស្មៀនទាំងអស់នៅក្នុងមូលដ្ឋាន រាជធានី នៅសាលារាជធានីភ្នំពេញ ដើម្បីពង្រឹង​តួនាទី និងភារកិច្ច ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ។ នេះបើតាមការចុះផ្សាយរបស់ Freshnews។

លោក ឃួង​ ស្រេង បានលើកឡើងថា៖ «ក្នុងមួយខែៗរដ្ឋបាលរាជធានីភ្នំពេញ បានចំណាយថវិកា​ប្រមាណ​១៥​ម៉ឺន​ដុល្លារ ដើម្បី​ទូទាត់​ថ្លៃខាតបង់សម្រាប់រថយន្តក្រុង ដឹកអ្នកដំណើរនៅរាជធានីភ្នំពេញ។ ប៉ុន្តែបើទោះបីជា​ខាត​បង់​​យ៉ាង​នេះក្តី រដ្ឋបាលរាជធានីភ្នំពេញ មិន​រុញ​រានោះទេ សំខាន់ឲ្យ សេវាដឹកជញ្ជូនសាធារណៈនេះ ប្រើ​ប្រាស់​ឲ្យ​ចំ​គោល​ដៅ ដែលប្រជាពលរដ្ឋចង់បាន»។

សាលាក្រុងភ្នំពេញ បានចាប់ផ្តើមដាក់ឲ្យដំណើរការនូវសេវាកម្មរថយន្តក្រុងសាធារណៈនេះចាប់ពីថ្ងៃទី ០៥ ខែ​កុម្ភៈ ឆ្នាំ​២០១៤ ហើយកាលពីថ្មីៗនេះ ចិនបានផ្តល់ជំនួយរថយន្តក្រុង ១០០គ្រឿង ឲ្យសាលារាជធានីភ្នំពេញ ដើម្បី​​បង្កើនការដឹកអ្នកដំណើរការ ក្នុងរាជធានីភ្នំពេញ។

ជាមួយគ្នានេះដែរមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានសរសេរ​នៅលើទំព័រហ្វេសប៊ុករបស់​ខ្លួនឲ្យដឹងថាសព្វថ្ងៃអ្នកប្រើប្រាស់សេវារថយន្តក្រុងសាធារណៈនេះមានការកើនឡើងជាង ៣ដង ពីចំនួន ៦.០០០នាក់ក្នុងមួយថ្ងៃរហូតដល់ចំនួន ២០.០០០នាក់ក្នុង១ថ្ងៃ ៕