រដ្ឋាភិបាល​ដាក់​ចេញ​ផ្សព្វផ្សាយ​នូវ​គោល​នយោបាយ​មនុស្ស​ចាស់​ឆ្នាំ​ ២០១៧-២០៣០

106
សៀវភៅគោលនយោបាយមនុស្សចាស់។ រូបពីហ្វេសប៊ុក សម្ដេចតេជោហ៊ុន សែ​ន។

រដ្ឋាភិបាល​កម្ពុជា​ដែលដឹកនាំដោយ​សម្ដេចតេជោ ហ៊ុន សែន បានដាក់ចេញនូវ​ការផ្សេព្វផ្សាយ​ស្ដីពី​គោល នយោបាយ​មនុស្សចាស់​សម្រាប់ឆ្នាំ ២០១៧-២០៣០ ដោយថា​ដើម្បី​អភិវឌ្ឍន៍ និងជំរុញ​ប្រព័ន្ធ​សុខុមាល ភាព​មនុស្ស​ចាស់​។

នៅព្រឹកថ្ងៃទី ១៨ ខែ មករានេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ នៅក្នុងពិធីប្រកាស​ផ្សព្វ​ផ្សាយ​​នូវ «គោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ ២០១៧-២០៣០» នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

តាមការចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន សម្ដេចបានលើកឡើងថា ត្រូវបានរៀបចំឡើងស្រប​តាម​​យុទ្ធសាស្ដ្រ​ចតុកោណដំណាក់កាលទី៣ នៃផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិឆ្នាំ ២០១៤-២០១៨ ក្រប​ខ័ណ្ឌ​​គោល​នយោបាយជាតិគាំពារសង្គមឆ្នាំ ២០១៦-២០២៥។

សម្ដេចក៏បានលើកឡើងបន្តដែរថា «គោលនយោបាយជាតិ ស្ដីពី​មនុស្ស​វ័យចាស់ ឆ្នាំ២០១៧- ២០៣០»  ស្ថិតក្នុង​ទិសដៅ​អភិវឌ្ឍន៍ និងជំរុញប្រព័ន្ធ​សុខុមាល ភាពមនុស្សចាស់ឲ្យមានលក្ខណៈប្រមូលផ្ដុំ និងមានសង្គតិភាព​ទៅនឹង​គោល​​នយោបាយនានា ដែលបាន​និងកំពុងដាក់ឲ្យអនុវត្ត។

តាមរបាយការណ៍នាយកដ្ឋានសុខភាពមនុស្សចាស់ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា មនុស្សវ័យចាស់ដែលមានអាយុពី ៦០ឆ្នាំឡើងនៅក្នុងឆ្នាំ២០១៣ មានប្រមាណ ៨% ស្មើនឹង ១,២ លាននាក់ នៃប្រជាជនសរុប ១៥លាននាក់ ហើយត្រូវបានព្យាករណ៍ នឹងមានកំណើនរហូតដល់ ១១% ស្មើនឹង ២លាននាក់ នៃប្រជាជនព្យាករណ៍សរុបប្រមាណ ១៨លាននាក់នៅឆ្នាំ២០៣០