សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានស្នើរទៅភាគីជប៉ុនឲ្យបន្តទទួលយកពលករជំនាញរបស់កម្ពុជាទៅធ្វើការ ដើម្បីឲ្យពួកគេមានឱកាសទទួលបានបទពិសោធន៍ថ្មីៗ។
សម្ដេច ស ខេងបានស្នើរទៅកាន់ភាគីជប៉ុនបែបនេះនៅក្នុងជំនួបពិភាក្សា ការងាររវាងកម្ពុជាជាមួយអភិបាលខេត្ត Ehime របស់ប្រទេសជប៉ុន លោក Takihiro Nakamura នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ម្សិលមិញ។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ការចុះផ្សាយដដែលបានឲ្យដឹងថាក្នុងជំនួបនោះសម្ដេច ស ខេង បានស្នើដោយត្រង់ទៅភាគីជប៉ុនឲ្យបន្តជួយ ទទួលយកពលករជំនាញរបស់កម្ពុជាទៅធ្វើការនៅខេត្ត Ehime របស់ប្រទេសជប៉ុន ដោយសារបច្ចុប្បន្នពលករកម្ពុជាទៅធ្វើការនៅ ខេត្តមួយនេះនៅមានចំនួនតិចនៅឡើយ បើប្រៀបធៀបជាមួយនឹងពលករ នៃប្រទេសដទៃទៀត។
សម្តេច ស ខេង បានបន្ថែមថាបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលជប៉ុន បានជួយកម្ពុជាយ៉ាងច្រើនក្នុងវិស័យអប់រំ ដែលធ្វើឲ្យយុវជនកម្ពុជាទទួលបានចំណេះ និងជំនាញ ដើម្បីចូលរួមអភិវឌ្ឍប្រទេសកម្ពុជាឲ្យមានការរីកចម្រើន ដូច្នេះការផ្ដល់ការងារធ្វើ គឺជាកត្តាសំខាន់ដែលជំរុញឲ្យពួកគេអាចទទួលបាននូវបទពិសោធន៍ថ្មីៗ បន្ថែមទៀត។
ជាការឆ្លើយតបលោក Takihiro Nakamura អភិបាលខេត្ត Ehime របស់ប្រទេសជប៉ុន បានឲ្យដឹងថា ខេត្តលោក បានចុះកិច្ចព្រមព្រៀងជាមួយភាគីកម្ពុជាតាមរយៈក្រសួង ការងារកម្ពុជា ដើម្បីជ្រើសរើសពលករជំនាញកម្ពុជាទៅធ្វើការនៅប្រទេស ជប៉ុនបន្ថែមទៀត៕