ពលរដ្ឋរងគ្រោះ ១៣នាក់ត្រូវបានជួយពីប្រទេសចំនួន ៣

50

ពលរដ្ឋ​ខ្មែររងគ្រោះ​ចំនួន​១៣​នាក់ ត្រូវបាន​ជួយ​អន្តរាគមន៍​ពី​ប្រទេស​ចំនួន​៣ ឲ្យ​បាន​ត្រឡប់​មកកាន់​មាតុប្រទេស​វិញ​។​

តាមការចុះផ្សាយរបស់អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជាលោក ជុំ សុន្ទរី បាន​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា ពលរដ្ឋ​ខ្មែរ​ចំនួន​១៣​នាក់ ត្រូវបាន​ជួយ​អន្តរាគមន៍​ពី​ប្រទេស​ចំនួន​៣ គឺ​ម៉ាឡេស៊ី វៀតណាម និង​ចិន ឲ្យ​បាន​ត្រឡប់​មកកាន់​មាតុប្រទេស​វិញ​។​

​លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ខ្មែរ​ទាំង​១៣​នាក់​នោះ មាន​៧​នាក់ ត្រូវបាន​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ម៉ាឡេស៊ី សហការ​ជាមួយ​អាជ្ញាធរ​ម៉ាឡេស៊ី ជួយ​ដោះស្រាយ និង​វៀប​ចំ​មាតុភូមិ​និវត្ត​ពួកគេ​មកកាន់​ប្រទេស​កម្ពុជា​វិញ​ជា​បន្តបន្ទាប់​នៅ​ថ្ងៃទី​២១ ទី​២៥ និង​ទី​២៨ ខែមករា ឆ្នាំ​២០១៨ ក្រោយពី​ពួកគេ​បាន​ទៅធ្វើ​ការ​ដោយ​ខុសច្បាប់​នៅ​ទីនោះ​។​

ការចុះផ្សាយដដែលស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​វៀតណាម បាន​សហការ​ជាមួយ​អាជ្ញាធរ​វៀតណាម ជួយសង្គ្រោះ​ស្ត្រី​ខ្មែរ​២​នាក់ ដែល​ត្រូវបាន​មេខ្យល់​បោក​បញ្ឆោត​បម្រុង​នាំទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​។ ស្ត្រី​ទាំង​២​នាក់​នេះ មកពី​ខេត្តកណ្តាល បានធ្វើ​ដំណើរ​ចេញពី​ភ្នំពេញ​តាម​យន្តហោះ​ទៅដល់​ទីក្រុង​ហាណូយ កាលពី​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០១៨ រួច​បន្តដំណើរ​ដោយ​ម៉ូតូ​ឆ្លងកាត់​ទីក្រុង​ហាណូយ ឆ្ពោះទៅ​ព្រំដែន​ឡាំង​សឺ​ន​វៀតណាម​-​ចិន ប៉ុន្តែ​បាន​លោត​ចេញពី​ម៉ូតូ និង​រត់​សំដៅទៅ​ការិយាល័យ​នគរបាល​វៀតណាម ដើម្បី​សុំ​កិច្ច​អន្តរាគមន៍​ហើយ ពួកគេ​ត្រូវបាន​បញ្ជូន​មកកាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃទី​១ ខែកុម្ភៈ នេះ​។​

ជាមួយគ្នា​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម ក៏បាន​ទទួល​ពលរដ្ឋ​ខ្មែរ​៣​នាក់ ដែល​បាន​អនុវត្ត​ទោស​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ​ពីបទ «​រៀបចំ​លេងល្បែង​ស៊ីសង​» និង​បានចេញ​លិខិត​ធ្វើដំណើរ​ជូន​ពួកគេ​ត្រឡប់មក​កម្ពុជា​វិញ​នៅ​ថ្ងៃទី​១៧ ខែមករា ឆ្នាំ​២០១៨​។​

ជាមួយគ្នានោះស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន ក៏បាន​ជួយសង្គ្រោះ​ស្ត្រី​ខ្មែរ​១​នាក់ ដែល​ត្រូវបាន​មេខ្យល់​​នាំទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​អំឡុង​ឆ្នាំ​២០១២​ ហើយស្ថាន​អគ្គ​កុងស៊ុល​បាន​រកឃើញ​ស្ត្រី​រងគ្រោះ​នៅ​ទីក្រុង​វ៉េង​ស៊ូ ខេត្ត​ជឺ​ជាំ​ង និង​បាន​ជូន​នាង​មកដល់​ស្ថាន​អគ្គ​កុងស៊ុល​នៅ​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៨​ ហើយស្ត្រី​រងគ្រោះ​នឹង​ត្រឡប់មក​កម្ពុជា​វិញ​ក្នុងពេល​ឆាប់ៗ​នេះ​៕​