សម្ដេចហ៊ុន សែន ស្នើរឲ្យអ្នកសារព័ត៌មានជួយរិះគន់ដើម្បីស្ថាបនា

53
សម្ដេចហ៊ុន សែន ជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មាននៅកោះពេជ្រ។រូបពីហ្វេសប៊ុកសម្ដេចហ៊ុន សែន។

ក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រមាណជាង ៣ពាន់នាក់ល្ងាចនេះ សម្ដេចហ៊ុន សែន ស្នើឲ្យអ្នកសារព័ត៌មានជួយរិៈគន់ ដោយលោកថាដើម្បីស្ថាបនារាល់កំហុសឆ្គង។

នៅល្ងាចថ្ងៃទី ២១ ខែមករានេះជាខួបលើកទី ២ ដែលសម្ដេចសម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប​សំណេះ​សំណាល​ជាមួយអ្នកសារព័ត៌មានជាតិ ដែលក្នុងនោះមានការចូលរួមពីអ្នកសារព័ត៌មាន​ចំនួន ៣,៤០០នាក់ នៅមជ្ឈមណ្ឌលសន្និបាត និង ពិពរណ៌កោះពេជ្រ។

ក្រោយពិធីជួបសំណេះសំណាល និង​ពិសារអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាននេះសម្ដេចបានសរសេរ​នៅ​លើទំព័រហ្វេសប៊ុករបស់ខ្លួនដោយស្នើដល់​អ្នកសារព័ត៌មានជួយរិៈគន់ ដើម្បីស្ថាបនារាល់កំហុសឆ្គង និង​ផែនការដែលបានដាក់ចេញ នៃក្រសួង​ស្ថាប័ន​នានា ដើម្បីធ្វើការកែលំអរ។

សម្ដេចបានលើកឡើងថា៖ «ស្នើអោយសារព័ត៌មានត្រូវចេះចូលរួមជួយរិះគន់ដើម្បីស្ថាបនារាល់កំហុសឆ្គង និងផែនការដែល បាន ដាក់ចេញ នៃក្រសួងស្ថាប័ននានា ដើម្បីធ្វើការកែលំអរ។ មិនមែនរិះគន់ដើម្បីតែជាន់​ពន្លិចនោះទេ»។

ជាមួយគ្នានោះដែរសម្ដេចក៏បានស្នើឲ្យទាំងស្ថាប័នព័ត៌មានរដ្ឋ និង​ឯកជនត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ជា​មួយ​នឹងការពន្យល់ច្បាស់លាស់ទៅកាន់​ពលរដ្ឋឲ្យបាន​យល់ ទិសដៅ​និង​គោលបំណងរបស់រាជ​រដ្ឋាភិបាល​ និង ដើរតួនាទី ជាកញ្ចក់ឆ្លុះបញ្ចាំងពីសង្គមជាតិពិតប្រាកដ។

ជាមួយគ្នានោះសម្ដេចក៏ស្នើដល់អ្នកសារព័ត៌មានកុំឲ្យធ្វើជាអ្នកសារព័ត៌មានសម្រាប់តែជម្រិតទារប្រាក់ពីគេ ពិសេសដូចជាការផ្សាយទាក់ទងពីបទល្មើសព្រៃឈើជាដើម៕