បារាំងចង់ឲ្យរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យបក្សប្រឆាំង និងសង្គមស៊ីវិល ដំណើរការដោយគ្មានការរារាំង

49

(ភ្នំពេញ)៖ រដ្ឋាភិបាលបារាំងចង់ឲ្យរដ្ឋាភិបាលកម្ពុជា អនុញ្ញាតឲ្យគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល ដំណើរការដោយគ្មានការរារាំង ហើយព្រមទាំងអំពាវនាវឲ្យ    កម្ពុជាវិលត្រឡប់មកក្នុងដំណើរការប្រជាធិបតេយ្យវិញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌ មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧។

ការប្រកាសពីជំហររបស់រដ្ឋាភិបាលបារាំងបែបនេះ គឺធ្វើឡើងក្រោយបញ្ចប់ដំណើរទស្សនកិច្ចរបស់លោក ហ្វ្រង់ស៊័រ ក្រូគែត (François CROQUETTE) ឯកអគ្គរដ្ឋទូតទទួលបន្ទុកសិទ្ធិមនុស្ស និងការចងចាំនៃក្រសួងអឺរ៉ុបនិងការបរទេសបារាំង មកកម្ពុជាហើយនោះ។

បើតាមស្ថានទូតបារាំងប្រចាំកម្ពុជា បានឲ្យដឹងថា« លោក ក្រូគែត បានគូសបញ្ជាក់សារជាថ្មីពីការអំពាវនាវរបស់ប្រទេសបារាំងអោយអាជ្ញាធរកម្ពុជាវិលត្រឡប់មកចូលរួមនៅក្នុងដំណើរ​ការប្រជាធិបតេយ្យ ហើយអនុញ្ញាតអោយគណបក្សប្រឆាំង ប្រព័ន្ធផ្សព្វផ្សាយ និងសង្គមស៊ីវិល មានដំណើរការដោយគ្មានការរារាំង»។

ជាមួយគ្នានេះដែរ លោកឯកអគ្គរដ្ឋទូតបានស្វាគមន៍ចំពោះការប្រកាសថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ដែលជាអង្គការការពារសិទ្ធិមនុស្ស នឹងមិនត្រូវបានបិទនោះឡើយ។ លោកសង្ឃឹមថានឹងមានការវិវឌ្ឍជាវិជ្ជមានផ្សេងៗទៀតនៅពេលខាងមុខ ជាពិសេស​ពាក់ព័ន្ធនឹងសង្គមស៊ីវិល។

គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់លោក ហ្វ្រង់ស៊័រ ក្រូគែត ឯកអគ្គរដ្ឋទូតទទួលបន្ទុកសិទ្ធិមនុស្ស និងការចងចាំនៃក្រសួងអឺរ៉ុបនិងការបរទេសបារាំង មកកាន់កម្ពុជាចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៧។ លោក ក្រូគែត បានជួបជាមួយមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា តំណាងគណបក្សប្រឆំាង សង្គមស៊ីវិល និងសហគមន៍អន្តរជាតិផងដែរ៕ ដោយ៖Rush News