(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃកម្ពុជា បានឲ្យដឹងថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានឯកភាពអោយក្រសួងមហាផ្ទៃរៀបចំមាត្រាច្បាប់បន្ថែមដើម្បីដាក់ទោសអ្នក ប្រមាថអង្គព្រះមហាក្សត្រ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានថ្មីៗនៅថ្ងៃទី៣០ ខែធ្នូនេះ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានប្រាប់សារព័ត៌មានថ្មីៗ ថា ក្រសួងកំពុងសិក្សា និងពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធ ដើម្បីរៀបចំមាត្រាច្បាប់បន្ថែម ទាក់ទងទៅនឹងការដាក់ទោសទណ្ឌទៅលើអ្នកដែលប្រមាថព្រះមហាក្សត្រ។
គួរបញ្ជាក់ថា រដ្ឋធម្មនុញ្ញកម្ពុជា ត្រង់ជំពូកទី២ មាត្រា ៧ បានចែងថា «ព្រះមហាក្សត្រកម្ពុជា ទ្រង់គ្រងរាជសម្បត្តិ ប៉ុន្តែទ្រង់មិនកាន់អំណាចឡើយ។ ព្រះមហាក្សត្រទ្រង់ជាប្រមុខរដ្ឋមួយជីវិត។ ព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ»។
បើទោះបីជាច្បាប់រដ្ឋធម្មនុញ្ញចែងយ៉ាងនេះក្តី ក៏ប៉ុន្តែបច្ចុប្បន្ននេះ កម្ពុជាមិនទាន់មានច្បាប់ដើម្បីដាក់ទោសលើអ្នកដែលប្រមាថព្រះចេស្តាព្រះមហាក្សត្រឡើយ។
គួររំលឹកថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេច ស ខេង បានបើកកិច្ចប្រជុំពិភាក្សាអំពីបញ្ហាពាក់ព័ន្ធនឹងសកម្មភាពទាំងឡាយដែលធ្វើអោយប៉ះពាល់ដល់អង្គព្រះមហាក្សត្រ។
ជាមួយគ្នានោះ ក្រសួងមហាផ្ទៃ បានស៊ើបដឹងថា មានជនអនាមិកមួយចំនួនប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក (Facebook) ប្រមាថអង្គព្រះមហាក្សត្រ។ ក្រសួងមហាផ្ទៃ សម្រេចបិទហ្វេសប៊ុកមួយឈ្មោះ «សមាគមវៀតណាមនៅកម្ពុជា» ដែលបានប្រមាថដល់ព្រះមហាក្សត្រផងដែរ៕