ក្រសួងមហាផ្ទៃថាពលករចំណាកស្រុកទៅថៃជាង ៤០ភាគរយខុសច្បាប់

61
រូបពីអគ្គស្នងការនគរបាលជាតិ។

ក្រសួងមហាផ្ទៃបានឲ្យដឹងថាពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃចំនួនជាងមួយលាននាក់មានពលករជាង ៤០ ភាគរយពុំទាន់មាន​លិខិតស្នាមនៅប្រទេសខ្លួនឯងត្រឹមត្រូវនៅឡើយ។

នេះតាមការចុះផ្សាយរបស់អគ្គស្នងការនគរបាលជាតិនៅថ្ងៃទី ២២ ខែ មករានេះដោយបានដកស្រង់សំដី​រដ្ឋ​លេខា​ធិកា​រ​​ក្រ​សួង​​មហាផ្ទៃលោក ព្រំ សុខា ដែលបានថ្លែងនៅក្នុង​ពិធីបើកសន្និបាតបូកសរុបលទ្ឋផលការងារ​អត្តសញ្ញាណកម្ម​ឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧។

លោក ព្រំ សុខា បានអះអាងថា នាពេលបច្ចុប្បន្ននេះមានពលករខ្មែរប្រមាណជាងមួយ លាននាក់ នៅប្រទេស ថៃ ហើយ​ក្នុងនោះពលករខ្មែរដែលមានលិខិតធ្វើដំណើរត្រឹមតែ ៣៩៧.៨៣៨ក្បាលប៉ុណ្ណោះ ចំណែកជាង ៤០ ភាគរយ ទៀត​ពុំទាន់មានលិខិតស្នាមនៅប្រទេសខ្លួនឯងត្រឹមត្រូវនៅឡើយ ។

លោកព្រំ សុខា អះអាងថា៖ « នាពេលបច្ចុប្បន្ននេះពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃ ហើយពុំទាន់​មាន​លិខិត​ស្មាមត្រឹមត្រូវ ជាង ៤០ភាគរយ ក្នុងចំណោមពលករប្រមាណជាងមួយលាននាក់នោះ ។ តែយ៉ាងណាក្តីរាជ​រដ្ឋាភិបាល​នៅពីក្រោយខ្នងពួកគេជានិច្ច រាជ រដ្ឋាភិបាល ការពារសិទ្ធិរបស់ពួកគេជានិច្ច ហើយរាជរដ្ឋាភិបាលនឹង​ខិតខំ​ធ្វើយ៉ាងណាឲ្យពួកគេធ្វើការដោយស្របច្បាប់ និងមានលិខិត ស្មាម​ត្រឹមត្រូវផងដែរ »

ការចុះផ្សាយដដែលបន្តថាបើយោងតាមអគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បាន​លើក​ឡើងថា ចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ២០១៧នេះ ក្រសួងមហាផ្ទៃបានផ្តល់លិខិតឆ្លងដែន​ដល់​ពលរដ្ឋ​ខ្មែរ​​ប្រ​មាណ១.០៨២.៩១៦នាក់ និង​លិខិត​ធ្វើដំណើរជូនពលករកម្ពុជាទៅធ្វើការនៅបរទេស​ចំនួន​៣៩៧.៨៣៨​នាក់។

ការចុះផ្សាយនោះក៏លើកឡើងដែរថាដើម្បីផ្តល់ភាពងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋខ្មែរបន្ថែមទៀត ក្រ​សួង​​មហាផ្ទៃ បាននឹងកំពុងរៀបចំបើកកន្លែងផ្តល់លិខិតឆ្លងដែនចំនួនបួនកន្លែងទៀត ដូចជានៅ​ខេត្តបាត់​ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង និងផ្សារអ៊ីអនទី២៕