ព្រឹទ្ធសភាកម្ពុជា ហៅការសម្រេចរបស់សភាអឺរ៉ុប គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា

54

(ភ្នំពេញ)៖ បន្ទាប់ពីសភាអឺរ៉ុបកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ ចេញសេចក្តីសម្រេចព្រមានផ្អាក​លែង​ផ្តល់​ទិដ្ឋាការ​និង​បង្កក​ទ្រព្យ​សម្បត្តិ​ដល់​មន្រ្តី​កម្ពុជា និង​ព្រមាន​ព្យួរ​ប្រព័ន្ធ​អនុ​គ្រោះ​​​ពន្ធ ​ប្រសិន​បើ​កម្ពុជា​នៅ​តែ​រំលោភ​បំពាន​សិទ្ធិ​មនុស្សនោះ។ ព្រឹទ្ធសភាកម្ពុជានៅថ្ងៃនេះ បានចេញសេចក្តីថ្លែងការណ៍សម្តែងការខកចិត្តចំពោះការសម្រេចរបស់សភាអឺរ៉ុប និងបានហៅការព្រមាននេះគឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងកម្ពុជា។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ព្រឹទ្ធសភាកម្ពុជា នៅថ្ងៃសុក្រ ទី១៥ ធ្នូនេះ ព្រឹទ្ធសភាកម្ពុជា បានចាត់ទុកសេចក្តីសម្រេចរបស់សភាអឺរ៉ុបថាមានលក្ខណៈលំអៀង មិនយុត្តិធម៌ និងមិនឆ្លុះបញ្ចាំងការពិតនៅកម្ពុជា ហើយសេចក្តីសម្រេចនេះទៀតសោត គឺជាការជ្រៀតជ្រែកក្នុង កិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដែលជាប្រទេសតូច តែជារដ្ឋអធិបតេយ្យ និងឯករាជ្យ។

បន្ថែមពីនេះដែរ​ ព្រឹទ្ធសភាកម្ពុជា ក៏បានលើកឡើងថា ការសម្រេចរបស់តុលាការកំពូលក្នុង ការរំលាយគណបក្សសង្រ្គោះជាតិនេះ គឺត្រឹមត្រូវតាមអង្គហេតុ និងអង្គច្បាប់ ហើយការចាប់ខ្លួនលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ ដោយរង់ចាំតុលាការកាត់ ទោសតាមច្បាប់នេះ ក៏ព្រោះតែតុលាការមានភ័ស្តុតាងថា លោក កឹម សុខា បានបម្រើបរទេស ប្រឆាំងជាតិ និងប្រជាជនកម្ពុជា។

ជាចុងបញ្ចប់នៃសេចក្តីថ្លែងការណ៍ ព្រឹទ្ធសភាកម្ពុជា ក៏បានអំពាវនាវឲ្យសភាអឺរ៉ុបពិចារណា ឡើងវិញ និងកុំធ្វើអ្វីដែលប៉ះពាល់ដល់ដំណើរការទៅមុខរបស់កម្ពុជា ដែលកំពុងរស់នៅ ដោយល្អប្រសើរក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍតាមមាគ៍ានៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋពិតប្រាកដ។

សូម​បញ្ជាក់​ថា ដំណោះ​ស្រាយ​របស់​សភា​អឺរ៉ុប​នេះ គឺ​ជា​គំនាប​ថ្មី​មួយ​ទៀត​សម្រាប់​រដ្ឋាភិបាល​កម្ពុជា។ កាល​ពី​ពេលថ្មីៗនេះ សហភាព​អឺរ៉ុប​បាន​ប្រកាស​ព្យួរ​ជំនួយ​សម្រាប់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​កម្ពុជា ព្រោះ​រឿង​រំលាយ​គណបក្ស​សង្រ្គោះ​ជាតិ និងការហាមឃាត់មន្រ្តីជាន់ខ្ពស់គណបក្សនេះមិនអោយធ្វើនយោបាយ០៥ឆ្នាំ៕