បាតុកម្មបានផ្ទុះឡើងនៅអ៊ីរ៉ង់ ជុំវិញគោលនយោបាយសេដ្ឋកិច្ចរបស់លោក Rouhani

35

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការតវ៉ាបានផ្ទុះឡើងនៅទូទាំងទីក្រុងធំៗរបស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសុក្រ ជុំវិញការផ្លាស់ប្តូរសក្តានុពលសេដ្ឋកិច្ចរបស់រដ្ឋាភិបាល ដើម្បីបង្កើនតម្លៃទំនិញសំខាន់ៗមួយចំនួន រួមទាំងប្រេងឥន្ធនៈ និងនំប៉័ងផង។

នៅក្នុងរដ្ឋធានីតេអេរ៉ង់ ទីក្រុងដ៏ពិសិដ្ឋ Mashhad និង Qom ក៏ដូចជា ទីក្រុង Isfahan និង Qazvin ហ្វូងមនុស្សបាននាំគ្នាដើរតាមផ្លូវ ដើម្បីតវ៉ាប្រឆាំងនឹងការដាក់កំហិតសេដ្ឋកិច្ច ដោយរដ្ឋបាលរបស់លោកប្រធានាធិបតី Hassan Rouhani។ បើតាមមន្រ្តីខេត្តបាននិយាយថា ការជួបជុំនេះ គឺខុសច្បាប់ ដោយអំពាវនាវឱ្យប៉ូលិសបង្រ្កាបទៅលើពួកគេ។

នៅក្នុងទីក្រុង Kermanshah ជាកន្លែងដែលគ្រោះរញ្ជួយដីដ៏ធំមួយ បានសម្លាប់មនុស្សរាប់រយនាក់ ហើយក្រុមអ្នកតវ៉ាក៏បានប៉ះទង្គិចជាមួយប៉ូលិសផងដែរ។ វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថា ប៉ូលិសកំពុងព្យាយាមបំបែកហ្វូងមនុស្ស ដោយប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាំភ្លើងទឹក។

ពាក្យស្លោកនៃការធ្វើបាតុកម្មបានសំដៅទៅលើការគ្រប់គ្រងមិនល្អរបស់ Rouhani ចំពោះវិបត្តិសេដ្ឋកិច្ច និងអំពើពុករលួយ ដែលមាននៅក្នុងស្ថាប័នមួយចំនួន។ ដោយឡែក អត្រាអតិផរណា និងអត្រាគ្មានការងារធ្វើបង្កើតបានជាបញ្ហាប្រឈមចម្បង ចំពោះកំណែទម្រង់សេដ្ឋកិច្ចរបស់លោក Rouhani។

យោងតាមមជ្ឈមណ្ឌលស្ថិតិអ៊ីរ៉ង់អត្រាគ្មានការងារធ្វើមានចំនួន ១២,៤ភាគរយ ក្នុងអំឡុងឆ្នាំសារពើពន្ធបច្ចុប្បន្នចំនួន ១,៤ភាគរយ បើធៀបនឹងឆ្នាំមុន។ នៅក្នុងខែសីហា លោក Rouhani បានឈ្នះការបោះឆ្នោតអាណត្តិទី២ ដោយសន្យាថា នឹងដោះស្រាយបញ្ហាសេដ្ឋកិច្ចសំខាន់ៗ រួមទាំងភាពអត់ការងារធ្វើ ដែលលោកបានស្តីបន្ទោសចំពោះទណ្ឌកម្មលោកខាងលិច ដែលមានរយៈពេលមួយទសវត្សរ៍។ កាលពីថ្ងៃពុធមេដឹកនាំកំពូលអ៊ីរ៉ង់លោក Ali Khamenei បានអំពាវនាវឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសនេះដោយស្មោះត្រង់បំផុត៕