កូរ៉េខាងជើងអាចបង្កការគំរាមកំហែងនុយក្លេអ៊ែរដ៏ធំចំពោះអាមេរិក

32

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃសុក្រនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោកបានក្លាយជាប្រទេសមួយ ដែលមានសមត្ថភាពបង្កឱ្យមានការគំរាមកំហែងនុយក្លេអ៊ែរដ៏ធំចំពោះសហរដ្ឋអាមេរិក។

លោកគីមបានធ្វើការកត់សម្គាល់នេះ នៅពេលដែលកូរ៉េខាងជើងបានប្រកាសកាលពីខែមុនថា ខ្លួនបានបញ្ចប់ការផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួន បន្ទាប់ពីបាញ់មីស៊ីលឆ្លងទ្វីបថ្មី (ICBM) ដែលបានអះអាងថាអាចវាយប្រហារដល់ទឹកដីសហរដ្ឋអាមេរិកទាំងមូល។

ទីភ្នាក់ងារព័ត៌មានកណ្តាលកូរ៉េ (KCNA) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាភាសាអង់គ្លេសថា មេដឹកនាំកូរ៉េខាងជើង បានសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់អាចបដិសេធអង្គភាពរបស់កូរ៉េខាងជើង ដែលបានលេចឡើងយ៉ាងឆាប់រហ័សជារដ្ឋយុទ្ធសាស្ត្រមួយ ដែលអាចបង្កការគំរាមកំហែងនុយក្លេអ៊ែរច្រើនដល់សហរដ្ឋអាមេរិក។

លោកគីមបានធ្វើអត្ថាធិប្បាយនៅក្នុងសុន្ទរកថាបើកសិក្ខាសាលាលើកទី៥ របស់គណបក្សពលករកូរ៉េ ដែលកំពុងកាន់អំណាច (WPK) កាលពីថ្ងៃព្រហស្បតិ៍។ ការជួបជុំគ្នានេះ បានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងជុំវិញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។ ក្រុងព្យុងយ៉ាងបានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦ និងដ៏មានឥទ្ធិពលបំផុតរបស់ខ្លួន នៅក្នុងខែកញ្ញា និងបានបាញ់ ICBMs ចំនួនបីដងនៅឆ្នាំនេះ។

លោកប្រធានាធិបតីអាម៉េរិក ដូណាល់ត្រាំ បានសន្យាថា នឹងយកចិត្តទុកដាក់បំផុតលើការគំរាមកំហែងដោយកាំជ្រួចនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង នៅពេលលោកបានបង្ហាញពីយុទ្ធសាស្ត្រសន្តិសុខជាតិលើកដំបូងរដ្ឋបាលរបស់លោក។

មេដឹកនាំកូរ៉េខាងជើងបានអះអាងថា កម្លាំងនុយក្លេអ៊ែរដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសនេះកំពុងបញ្ចេញឥទ្ធិពលធំធេងទៅលើសហគមន៍អន្តរជាតិ។ លោកបានមានប្រសាសន៍ថា ទោះបីជាបញ្ហាប្រឈមធ្ងន់ធ្ងរ ដែលយើងមិនគួរមើលរំលងក្តី ក៏យើងមិនមានអារម្មណ៍ខកចិត្ត ឬខ្លាចពួកគេទេ ប៉ុន្តែយើងមានសុទិដ្ឋិនិយមអំពីវឌ្ឍនភាពនៃបដិវត្តន៍របស់យើងនៅក្នុងស្ថានភាពនេះ៕