វ៉េណេស៊ុយអេឡា នឹងដំឡើងប្រាក់ឈ្នួលអប្បបរមា ទោះបីជាជួបវិបត្តិសេដ្ឋកិច្ចក៏ដោយ

49

លោកប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ បានប្រកាសអំពីការដំឡើងប្រាក់ឈ្នួលនៅក្នុងការថ្លែងសន្ទរកថារបស់គាត់ នៅចុងឆ្នាំនេះថា វ៉េណេស៊ុយអេឡា នឹងដំឡើងប្រាក់ឈ្នួលអប្បបរមា ៤០ភាគរយនៅក្នុងវិធានការមួយ ដែលគេរំពឹងថា នឹងធ្វើឱ្យកម្រិតអតិផរណាកើនឡើងខ្ពស់។ ស្របពេលដែលប្រទេសមួយនេះ កំពុងទទួលរងពីវិបត្តិសេដ្ឋកិច្ច ដែលខ្វះចំណីអាហារ និងថ្នាំពេទ្យជាដើម។ សេដ្ឋកិច្ចរបស់ប្រទេសនេះ ត្រូវរងផលប៉ះពាល់ដោយការធ្លាក់ចុះនៃប្រាក់ចំណូលប្រេងក៏ដោយ។

លោកបាននិយាយថា ការតំឡើងបែបនេះ នឹងការពារកម្មករពីអ្វីដែលគាត់ហៅថា ជាសង្គ្រាមសេដ្ឋកិច្ចលើប្រទេសសង្គមនិយម ដោយសហរដ្ឋអាមេរិក និងប្រទេសដទៃទៀត។ កាលពីដើមឆ្នាំនេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មទៅលើលោកប្រធានាធិបតី ម៉ាឌូរ៉ូ ដោយបានហៅគាត់ថា មេដឹកនាំផ្តាច់ការ ដែលមិនអើពើនឹងឆន្ទៈរបស់ពលរដ្ឋវ៉េណេស៊ុយអេឡា។

នៅឆ្នាំនេះវ៉េណេស៊ុយអេឡា ត្រូវបានបំផ្លិចបំផ្លាញដោយការតវ៉ា និងអំពើហិង្សា ដែលរីករាលដាលនៅប្រទេសវ៉េណេស៊ុយអេឡា ដែលនាំទៅដល់ការបង្កើតសភាធម្មនុញ្ញជាតិថ្មីមួយរបស់ពួកអ្នកគាំទ្រលោកម៉ាឌូរ៉ូ។ ច្បាប់ថ្មីនោះត្រូវបានគេបង្កើតឡើង ដើម្បីកែប្រែឡើងវិញនូវរដ្ឋធម្មនុញ្ញរបស់ប្រទេសនេះ ប៉ុន្តែសភានេះ មិនត្រូវបានទទួលស្គាល់ដោយប្រទេសមហាអំណាចមួយចំនួន រួមមាន សហរដ្ឋអាមេរិកផង។

ថ្លែងនៅលើកញ្ចក់ទូរទស្សន៍ក្បែរទង់ជាតិវ៉េណេស៊ុយអេឡាលោក ម៉ាឌូរ៉ូ បានរៀបចំអំពីការដំឡើងប្រាក់ខែជាដំណឹងល្អសម្រាប់អ្នករាល់គ្នា។ ប៉ុន្តែមានការភ័យខ្លាចថា ចលនានេះនឹងជំរុញឱ្យអត្រាអតិផរណាកើនឡើងលឿន។ ហើយសន្និបាតដែលដឹកនាំដោយគណបក្សប្រឆាំងបាននិយាយថា កាលពីឆ្នាំមុនតម្លៃទំនិញបានកើនឡើងជិត ១ពាន់៤រយភាគរយឯណោះ។

ទោះបីជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី ម៉ាឌូរ៉ូ បានចំណាយពេលនៅក្នុងការថ្លែងសុន្ទរកថារបស់លោកដែលភាគច្រើន គឺលោកបានស្តីបន្ទោសទៅលើឥទ្ធិពលខាងក្រៅ ចំពោះបញ្ហារបស់ប្រទេសវ៉េណេស៊ុយអេឡា ដោយនិយាយថា សហរដ្ឋអាមេរិក កំពុងវាយលុករូបិយប័ណ្ណរបស់ខ្លួន និងបំផ្លិចបំផ្លាញឧស្សាហកម្មប្រេងរបស់ខ្លួនផងដែរ៕