វេណេស៊ុយអេឡា អាចនឹងដោះលែងអ្នកទោសចំនួន ៨០នាក់

34

អ្នកទោសចំនួនជាង ៨០នាក់ ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋកម្មអំពើហិង្សា ក្នុងអំឡុងពេលមានការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាល ក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៧ អាចនឹងដោះលែងក្នុងពេលឆាប់ៗនេះ។

លោកស្រី Delcy Rodriguez ប្រធានរដ្ឋសភាធម្មនុញ្ញជាតិ (ANC) និងគណៈកម្មការរបស់ខ្លួនសម្រាប់កិច្ចការយុត្តិធម៍សាធារណៈសន្តិភាព បាននិយាយថា លោកប្រធានាធិបតី នីកូឡា ម៉ាឌូរ៉ូ នឹងដោះលែងអ្នកទោសមួយចំនួន។

គណៈកម្មាការនេះ ត្រូវបានបង្កើតឡើងនៅក្នុងខែសីហា នៅលើសំណើរបស់ការិយាល័យរបស់ប្រធានាធិបតីដើម្បីធ្វើការស៊ើបអង្កេតការតវ៉ា ព្រមទាំងអំពើហិង្សា ដែលបានសម្គាល់ចលនាបក្សប្រឆាំងស្តាំនិយម បានធ្វើការតវ៉ានៅក្នុងឆ្នាំ២០១៤ ដែលគេស្គាល់ថាមានចេតនាចង់ផ្តួលរំលំលោកម៉ាឌូរ៉ូ និងគណបក្សសង្គមនិយមកំពុងកាន់អំណាច។ លោកស្រីបាននិយាយថា គណៈកម្មការនេះ បានធ្វើការពិនិត្យលើដំណើរការនីតិវិធីព្រហ្មទណ្ឌនីមួយៗ ក្នុងរយៈពេល ៤ខែកន្លងមកនេះ។

លោកស្រីបានបន្ថែមថា អ្នកដែលត្រូវបានលើកលែងទោស នឹងបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាការ ដើម្បីទទួលស្គាល់ជនរងគ្រោះ និងយល់ព្រមជួយធ្វើការសេវាកម្មសហគមន៍ជំនួសឱ្យការជាប់ពន្ធនាគារ៕