កូរ៉េខាងជើងនឹងមិនផ្លាស់ប្តូរគោលនយោបាយនុយក្លេអ៊ែររបស់ខ្លួនទេ នៅឆ្នាំ២០១៨នេះ

32

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បាននិយាយកាលពីថ្ងៃសៅរ៍ថា កូរ៉េខាងជើងនឹងបន្តបង្កើនសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន នៅថ្ងៃអនាគត ដោយប្រកាសថា រដ្ឋកុម្មុយនីស្តមួយនេះ គឺជារដ្ឋនុយក្លេអ៊ែរ។ យោងតាមរបាយការណ៍ បានរៀបរាប់ថា អ្វីដែលកូរ៉េខាងជើងអះអាងថា ខ្លួនបានអភិវឌ្ឍដ៏ជោគជ័យនៃអាវុធថ្មីៗ រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប ដែលមានសមត្ថភាពអាចបាញ់ទៅដល់សហរដ្ឋអាមេរិក។

ទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) បាននិយាយថា កូរ៉េខាងជើងដែលជារដ្ឋយុទ្ធសាស្រ្តថ្មីមួយ និងជារដ្ឋនុយក្លេអ៊ែរ  ដែលមិនអាចប្រកែកបាន ដោយបានប្រកាសថា មិនមានការផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនទេ។ ដូច្នេះហើយគ្មានកម្លាំងណាមួយអាចយកឈ្នះលើឯករាជ្យ និងយុត្តិធម៌យើងបានទេ។

របាយការណ៍របស់ KCNA បាននិយាយថា ការផ្លាស់ប្តូរដោយឥតឈប់ឈររបស់អាមេរិកប្រឆាំងនឹងកូរ៉េខាងជើង ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច យោធា ការទូត និងវិស័យដទៃទៀត រហូតមកដល់ចុងឆ្នាំនេះ គឺមិនអាចបញ្ឈប់កូរ៉េខាងជើងបានទេ ខណៈដែលកូរ៉េខាងជើងប្រកាសថា ខ្លួនបានបញ្ចប់ការផលិតមីស៊ីលនិងនុយក្លេអ៊ែរប្រកបដោយជោគជ័យ។

សេចក្តីថ្លែងការណ៍នោះ បានបន្ថែមថា កូរ៉េខាងជើងដែលជារដ្ឋអាវុធនុយក្លេអ៊ែរ ដែលមានទំនួលខុសត្រូវនឹងដឹកនាំនិន្នាការនៃប្រវត្តិសាស្ត្រទៅលើមាគ៌ាឯករាជ្យភាព និងយុត្តិធម៌តែមួយគត់ ដែលធ្វើឱ្យមានព្យុះបក់បោក និងអាចបង្កព្យុះភ្លៀងបាននៅលើភពយើងនេះ។

សូមបញ្ជាក់ថា ក្រុងព្យុងយ៉ាងបានធ្វើតេស្តមីស៊ីលចំនួន ១៦លើកនៅឆ្នាំនេះ ក្នុងនោះមានទាំង ១១លើក ចាប់តាំងពីប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងលោក មូនជេអ៊ីន បានឡើងកាន់តំណែង កាលពីខែឧសភា។ កូរ៉េខាងជើងក៏បានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរទី៦ និងដ៏មានឥទ្ធិពលបំផុតរបស់ខ្លួន រហូតមកដល់ពេលនេះ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣ ខែកញ្ញា៕