លោក គីម ជុងអ៊ុន កាត់បន្ថយការបង្ហាញមុខជាសាធារណៈ ដោយផ្តោតទៅលើកិច្ចការយោធាវិញ

40

ការវិភាគរបាយការណ៍ព័ត៌មាន បានបង្ហាញនៅថ្ងៃសុក្រនេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានកាត់បន្ថយការបង្ហាញខ្លួនជាសាធារណៈប្រហែល ៣០ភាគរយនៅឆ្នាំនេះ ដោយសារតែលោកកំពុងតែធ្វើអធិការកិច្ច ដោយផ្តោតទៅលើកិច្ចការយោធា។ របាយការណ៍ដដែលនេះ បានបង្ហាញថា ដំណើរការត្រួតពិនិត្យទាក់ទងនឹងយោធាមានចំនួន ៤៤ភាគរយ ដែលជាផ្នែកធំបំផុត ខណៈដែលការត្រួតពិនិត្យទាក់ទងនឹងសេដ្ឋកិច្ចមានចំនួនប្រហែល ២៧ភាគរយ។

លោកគីមបានធ្វើអធិការកិច្ចចំនួន ៩៣លើក នៅចន្លោះថ្ងៃទី១ ខែមករា និងថ្ងៃទី២៨ ខែធ្នូ បើប្រៀបធៀបទៅនឹងឆ្នាំមុនៗ មានចំនួន ១៣៣លើក។ នេះបើយោងតាមការវិភាគរបស់ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ ដែលបានរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង។ ហើយរបាយការណ៍នេះ ក៏បានបង្ហាញពីការបង្ហាញខ្លួនជាសាធារណៈតិចតួចណាស់ ចាប់តាំងពីលោកបានឡើងកាន់តំណែង នៅចុងឆ្នាំ២០១១។

ប្រទេសកូរ៉េខាងជើងបានផ្តោតលើអាវុធនុយក្លេអ៊ែរ និងកម្មវិធីមីស៊ីលនៅឆ្នាំនេះ។ កូរ៉េខាងជើងបានធ្វើការសាកល្បងអាវុធនុយក្លេអ៊ែរទី៦ និងដ៏មានឥទ្ធិពលបំផុតរបស់ខ្លួន នៅក្នុងខែកញ្ញា និងបានបាញ់មីស៊ីលឆ្លងទ្វីបចំនួនបីដង (ICBMs) ដែលវាជាចំនួនច្រើនបំផុត កាលពីចុងខែវិច្ឆិកា។ ដោយឡែក នៅខែកក្កដា និងខែសីហា លោកគីមមិនបានទៅចូលរួមក្នុងព្រឹត្តិការណ៍សាធារណៈទេ ដែលទាក់ទងនឹងសេដ្ឋកិច្ចនោះ ខណៈដែលកូរ៉េខាងជើងបានផ្តោតលើការសាកល្បងមីស៊ីល។

នៅឆ្នាំនេះ លោកគីមផ្តោតលើការពន្លឿនកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីល ដែលជាផ្នែកមួយនៃគោលនយោបាយរបស់លោក ក្នុងការអភិវឌ្ឍន៍នុយក្លេអ៊ែរ ស្របជាមួយនឹងសេដ្ឋកិច្ច ដែលត្រូវបានគេស្គាល់ជាទូទៅថា ជាគោលនយោបាយ “Byongjin”។

លោក Jo Yong-won អនុប្រធានគណៈកម្មាធិការកណ្តាលរបស់គណបក្សពលករកូរ៉េខាងជើង ដែលកំពុងកាន់អំណាច បានអមដំណើរលោកគីមភាគច្រើនបំផុត នៅឆ្នាំនេះ ដែលមាន ៣៤ករណីត្រូវបានគេកត់ត្រានៅក្នុងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើង។

បើតាមមន្ត្រីយោធាជាន់ខ្ពស់លោក Hwang Pyong-So ធ្លាប់ត្រូវបានជាប់ឆ្នោតជាសមាជិកដំបូងបង្អស់រហូតដល់ខែតុលា ប៉ុន្តែឈ្មោះរបស់លោកមិនត្រូវបានរកឃើញនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងជើងចាប់តាំងពីពេលនោះមក នៅពេលដែលលោកត្រូវបានគេដាក់ទណ្ឌកម្ម បន្ទាប់ពីការស៊ើបអង្កេតរបស់បក្សនៅក្នុងអង្គភាពយោធាដ៏សំខាន់មួយ៕