Update: លោក Tillerson ថា អាមេរិកមានឆន្ទៈ ក្នុងការចរចាជាមួយកូរ៉េខាងជើង ដោយគ្មានលក្ខខណ្ឌ

32

លោករដ្ឋមន្ត្រីការបរទេសអាមេរិក Rex Tillerson បាននិយាយកាលពីថ្ងៃអង្គារថា ក្រុងវ៉ាស៊ីនតោនមានឆន្ទៈនៅក្នុងការចាប់ផ្តើមកិច្ចពិភាក្សាជាមួយកូរ៉េខាងជើង ដោយគ្មានលក្ខខណ្ឌ។

ការអះអាងបែបនេះ បានកើតឡើងនៅពេលដែលភាពតានតឹងបានកើនឡើងទៅលើកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង រួមទាំងការធ្វើតេស្តមីស៊ីលផ្លោងអន្តរទ្វីបថ្មីបំផុត កាលពីថ្ងៃទី២៩ ខែវិច្ឆិកា។

លោកបានថ្លែងប្រាប់វេទិកាមួយ ដែលរៀបចំដោយមូលនិធិកូរ៉េខាងត្បូង និងក្រុមប្រឹក្សាអាត្លង់ទិចថា យើងត្រៀមខ្លួនជាស្រេច ដើម្បីចរចាគ្រប់ពេលដែលកូរ៉េខាងជើងចង់ពិភាក្សា ហើយយើងត្រៀមខ្លួនរួចរាល់ ដើម្បីរៀបចំកិច្ចប្រជុំលើកដំបូង ដោយគ្មានលក្ខខណ្ឌ។ ហើយយើងអាចជួបនិយាយអំពីអ្វីមួយក៏បាន ឬយើងអាចនិយាយអំពីអាកាសធាតុ ប្រសិនបើពួកគេ (កូរ៉េខាងជើង) ចង់បាន។

វាជាសម្លេងខុសគ្នាគួរឱ្យកត់សម្គាល់ពីការទទូចរបស់ទីក្រុងវ៉ាស៊ីនតោន ពីមុនថា ទីក្រុងព្យុងយ៉ាងបញ្ឈប់ការសាកល្បងមីស៊ីល និងនុយក្លេអ៊ែរជាលើកដំបូង ហើយបង្ហាញពីភាពស្មោះត្រង់របស់ខ្លួន អំពីការលុបបំបាត់អាវុធនុយក្លេអ៊ែរ។

លោក Tillerson បន្តថា វាមិនសមហេតុផលទេ ដែលនិយាយថា យើងនឹងនិយាយគ្នា ប្រសិនបើអ្នកមកចូលរួមក្នុងកម្មវិធី ដើម្បីបោះបង់ចោលកម្មវិធីរបស់អ្នក។ ពួកគេបានវិនិយោគច្រើននៅក្នុងការផលិតគ្រឿងសព្វាវុធ ហើយប្រធានាធិបតីអាមេរិក មានភាពប្រាកដនិយមអំពីរឿងនោះផងដែរ។

លោករដ្ឋមន្ត្រីការបរទេសរូបនេះ បានអះអាងថា ខណៈដែលោកត្រាំស្វែងរកការការពារ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួន ពីការគំរាមកំហែងរបស់កូរ៉េខាងជើងនោះ គាត់ក៏បានលើកទឹកចិត្តផងដែរ ដល់កិច្ចខំប្រឹងប្រែងការទូត ដើម្បីដោះស្រាយភាពជាប់គាំងនេះ។ មេដឹកនាំអាមេរិក បានប្រកាន់ជំហរជាសាធារណៈលើទីក្រុងព្យុងយ៉ាង ដោយគំរាមកំហែងនឹងកម្ទេចរបបនេះឲ្យក្លាយទៅជាផេះ ប្រសិនបើចាំបាច់៕ ដោយ៖ Rush News