ជនភៀសខ្លួនកូរ៉េខាងជើង ដែលរស់នៅក្បែរកន្លែងសាកល្បងនុយក្លេអ៊ែរ បង្ហាញពីផលប៉ះពាល់ដោយវិទ្យុសកម្ម

48

ក្រសួងការបង្រួបបង្រួមកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃពុធនេះថា ក្រុមជនភៀសខ្លួនកូរ៉េខាងជើងមួយចំនួនដែលបានរស់នៅក្បែរកន្លែងធ្វើតេស្តនុយក្លេអ៊ែររបស់កូរ៉េខាងជើង បង្ហាញពីសញ្ញានៃការប៉ះពាល់វិទ្យុសកម្មនៅក្នុងការត្រួតពិនិត្យវេជ្ជសាស្រ្តចុងក្រោយបង្អស់ ប៉ុន្តែវាពិបាកក្នុងការបញ្ជាក់ថា ការធ្វើតេស្តនុយក្លេអ៊ែរប៉ះពាល់ដល់ពួកគេធ្ងន់ធ្ងរឬយ៉ាងណានោះ។

ចាប់តាំងពីខែតុលាមក ក្រសួងនេះបានធ្វើតេស្តវិទ្យុសកម្មដែលបានលេចធ្លាយចេញមកខាងក្រៅ និងត្រួតពិនិត្យសុខភាពទៅលើជនភៀសខ្លួន ៣០នាក់ ដែលធ្លាប់រស់នៅក្នុងតំបន់គីលជូ ដែលនៅជិតកន្លែងនុយក្លេអ៊ែរ Punggye Ri របស់កូរ៉េខាងជើង។ កូរ៉េខាងជើងបានធ្វើតេស្តនុយក្លេអ៊ែរទាំងអស់របស់ខ្លួនចំនួន ៦លើក នៅកន្លែងតាំងទីលំនៅ នៅក្នុងខេត្តភាគឦសានប្រទេសនេះ។

ទីក្រុងសេអ៊ូលបានទទួលយកជនភៀសខ្លួនទាំងនោះ ដែលបានសម្តែងសេចក្តីសង្ឃឹមថា នឹងទទួលបានការធ្វើតេស្តនៅក្នុងចំណោម ១១៤ជនភៀសខ្លួន ដែលបានមកពីតំបន់នោះ បន្ទាប់ពីការសាកល្បងនុយក្លេអ៊ែរលើកទីមួយរបស់កូរ៉េខាងជើង កាលពីក្នុងឆ្នាំ២០០៦។ អ្នកពិនិត្យទាំងអស់បានរត់មកកាន់កូរ៉េខាងត្បូង មុនពេលធ្វើតេស្តនុយក្លេអ៊ែរលើកទី៤ របស់កូរ៉េខាងជើង នៅក្នុងខែមករា ឆ្នាំ២០១៦។

ក្រសួងបាននិយាយថា ការពិនិត្យក្រូម៉ូសូមបានបង្ហាញថា ជនភៀសខ្លួនចំនួនបួននាក់ អាចត្រូវរងប៉ះពាល់នឹងវិទ្យុសកម្ម ប៉ុន្តែវាមិនអាចបដិសេធថា កត្តាដទៃទៀត ដូចជា អាយុនិងការជក់បារី អាចប៉ះពាល់ដល់លទ្ធផលនេះ។ រដ្ឋាភិបាលបាននិយាយថា មិនមានករណីនៃលទ្ធផលក្នុងទឹកនោម និងការធ្វើតេស្តដទៃទៀតទេ។

ក្រុមអ្នកជំនាញបានសម្តែងការព្រួយបារម្ភថា ការធ្វើតេស្តនុយក្លេអ៊ែរអាចបណ្តាលឱ្យសារធាតុវិទ្យុសកម្មចូលទៅក្នុងតំបន់ក្បែរនោះ ដែលអាចធ្វើឱ្យសុខភាពអ្នករស់នៅមានគ្រោះថ្នាក់។ ការប៉ះពាល់នឹងវិទ្យុសកម្មអាចបង្កើនហានិភ័យនៃការវិវត្តនៃជម្ងឺមហារីកឈាម និងប្រភេទមហារីកផ្សេងៗទៀត៕