(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា តាមរយៈនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការប្រយុទ្ធប្រឆាំងខ្ពស់ បន្ទាប់ពីមានការផ្ទុះឡើងនូវជំងឺផ្តាសាយបក្សី H5N1 កើតលើសត្វបក្សី នៅភូមិកោះស្វាយ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា មកដល់ពេលនេះ មន្រ្តីជំនាញសុខាភិបាលមិនទាន់រកឃើញប្រភេទជំងឺនេះឆ្លងលើមនុស្សនោះទេ។ តែទោះបីជាយ៉ាងណាមន្រ្តីជំនាញក៏កំពុងបន្តតាមស្ថានភាពជំងឺយ៉ាងយកចិត្តទុកដាក់ផងដែរ។
ឆ្លើយតបទៅនឹងជំងឺនេះ ក្រសួងសុខភិបាល ក៏បានណែនាំឲ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់អំពីការចំលងជំងឺនេះ ជាពិសេស ក្នុងពិធីបុណ្យផ្សេង ដែលនឹងឈានមកដល់ក្នុងពេលឆាប់ៗនេះ ជាពិសេសសូមកុំយកមាន់ ទា ឬសត្វបក្សីឈឺឬងាប់ មករៀបចំជាអាហារ ឫលក់បន្តត្រូវអនុវត្តអនាម័យក្នុងការ បោចរោម និង ចំអិនជាប់ជានិច្ច។
រោគសញ្ញាដែលសង្ស័យថា ឆ្លងជំងឺ H5N1 នោះរួមមាន៖ គ្រុនក្តៅ លើសពី ៣៨.៥ អង្សារសេ និងមានរោគសញ្ញា ក្អក ឬ ឈឺក ឬ ដកដង្ហើម ហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងកំឡុងពេល ៧ ថ្ងៃមុនចេញរោគសញ្ញា ចាត់ទុកថាជាករណីសង្ស័យ ត្រូវបញ្ចូនអ្នកជំងឺ ទៅមណ្ឌល់សុខភាព ឬមន្ទីរពេទ្យជិតបំផុតដើម្បីធ្វើការព្យាបាល។
សូមរំលឹកថា ចាប់តាំងពីឆ្នាំ ២០០៥ ដល់ ២០១៤ កម្ពុជាធ្លាប់កើតមានជំងឺផ្តាសាយបក្សី ដែលបានឆ្លងពីសត្វបក្សីមកមនុស្សចំនួន៥៦ករណីដែលក្នុង នោះ ៣៧ ករណីបានស្លាប់ ។ ដោយឡែកគ្រាន់តែឆ្នាំ ២០១៣ មានឆ្លងលើមនុស្សចំនួន ២៦ករណី ដែលក្នុងនោះមាន ១៤ករណីបានស្លាប់ និង ក្នុងឆ្នាំ២០១៤ មាន ៩ករណី និង ៤ករណីបានស្លាប់៕ ដោយ៖ Rush News