សម្ដេចហ៊ុនសែន ប្រកាសជួសជុលផ្សារច្បារអំពៅជូនអាជីវករ

58

អភិបាលរាជធានីភ្នំពេញ លោក ឃួង​ ស្រេង បានប្រកាសថាសម្ដេចហ៊ុន សែន នឹងធ្វើតាមសំណើរផ្សេងៗ របស់ក្រុមអាជីវកផ្សារច្បារអំពៅ ដែលរងគ្រោះដោយសារភ្លើងឆេះនាពេលកន្លងទៅ ដោយមិនតម្រូវឲ្យអាជីវករបង់ប្រាក់ ចំពោះការជួសជុលផ្សារឡើងវិញ។

តាមការចុះផ្សាយរបស់ហ្វេសញូថានៅ​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨នេះ ​អភិបាលរាជធានីភ្នំពេញ លើកឡើងថា តាមសំណើរបស់អាជីវករ ​ដែលស្នើសុំសម្តេចតេជោ ហ៊ុន សែន ឲ្យជួយសាងសង់ដំបូលរួម តាមរយៈរដ្ឋបាលរាជធានីនោះ គឺសម្តេចតេជោ ហ៊ុន សែន បានយល់ព្រម ដោយចាត់បញ្ជូនលោកផ្ទាល់ ដឹកនាំមន្ត្រីជំនាញ ចុះជួបក្រុមអាជីវករ និងប្រកាសជូនអាជីវករភ្លាមៗ បន្ទាប់ពីមានការឯកភាពពីសម្ដេចតេជោ។

តាមការចុះផ្សាយដដែលអភិបាលរាជធានីថា ដំបូលរួមរបស់ផ្សារ ត្រូវបានសម្តេចតេជោ ហ៊ុន សែន ជួយសាងសង់ទាំងស្រុង ចំណែកហេដ្ឋារចនាសម្ព័ន្ធជុំវិញផ្សារ​រដ្ឋបាលរាជធានី សាលាខណ្ឌច្បារអំពៅ ជាអ្នកជួយស្ថាបនា​ ហើយ​តូប គឺជាបន្ទុកអាជីវករធ្វើដោយខ្លួនឯង តាមទំហំដែលមានស្រាប់​។​

តាមការចុះផ្សាយនោះលោក ឃួង ស្រេង បានបញ្ជាក់នៅចំពោះមុខអាជីវករថា ការសាងសង់ផ្សារច្បារអំពៅឡើងវិញ គឺមិនឲ្យមានការដំឡើងចំនួនតូបឡើយ ហើយបើបងប្អូនទទួលបានព័ត៌មានថា មានការដំឡើងចំនួនតូបនោះ សូមរាយការណ៍មកអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរនឹងមានវិធានការភ្លាម។ ទោះបីជាយ៉ាងណាក្តីលោក​បាន​សំណួមពរដល់បងប្អូនអាជីវករទាំងអស់ ជួយចូលរួមលើបញ្ហាអនាម័យបរិស្ថាន ក្នុងផ្សារឲ្យបានល្អ។​

អគ្គិភ័យបានកើតឡើងនៅវេលាម៉ោង១១៖៣០នាទីយប់ថ្ងៃទី១៥ ខែមីនា បានបំផ្លាញតូបអស់ ៥៨៨ ក្នុងចំណោម១៤៤៧តូប ដែលគិតជាទឹកប្រាក់អស់ប្រមាណ៤លានដុល្លារអាមេរិក៕