ក្រសួងប្រកាសទប់ស្កាត់ការរៃអង្គាសលុយតាមទីសាធារណៈ

68

ក្រសួងសង្គមកិច្ចបានប្រកាសទប់ស្កាត់សកម្មភាពរៃអង្គាសប្រាក់នៅតាមទីសាធារណៈ ដោយប្រើរូបភាពមនុស្សធម៌ តាមរយៈការដើរចែកសំបុត្រ ដែលមានបោះពុម្ពរូបភាពកុមារ និងគ្រួសារ ឬការប្រើប្រាស់កុមារ មនុស្សចាស់ និង ជនពិការឲ្យរៃអង្គាសប្រាក់ជាដើម។

ក្រសួងសង្គមកិច្ចបានចេញសេចក្ដីជូនដំណឹងមួយចុះថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០១៨ ស្ដីពីការទប់ស្កាត់សកម្មភាព រៃអង្គាស ប្រាក់នៅតាមទីសាធារណៈក្នុងរាជធានីភ្នំពេញ។

ក្រសួងបានលើកឡើងថាកន្លងមកមានជនជាតិខ្មែរ និង ជនបរទេសខ្លះបានធ្វើសកម្មភាព រៃអង្គាសប្រាក់តាមរយៈការ ដើរចែកសំបុត្រ ដែលបោះពុម្ពរូបភាពរបស់កុមារ និងគ្រួសារ លើស្រោមសំបុត្រ សកម្មភាពស្លៀកពាក់បែបព្រះសង្ឃ និងដូនជី នៃជនជាតិដទៃ និង ការប្រើប្រាស់កុមារ មនុស្សចាស់ និង ជនពិការឲ្យដើរធ្វើសកម្មភាពគ្រប់ ទីកន្លែងក្នុងគោលបំណងរៃអង្គាសប្រាក់ពីសប្បុរសធម៌ ដោយមិនមានការអនុញ្ញាតពីស្ថាប័នរដ្ឋ និង អង្គការសង្គមស៊ីវិលឡើយ។

ក្រសួងបន្តថាសកម្មភាពទាំងនោះបានធ្វើឲ្យប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ និង សេចក្ដីថ្លៃថ្នូរបស់ប្រជាជន និងរដ្ឋាភិបាលក្នុងការលើកកម្ពស់ការរស់នៅរបស់ពលរដ្ឋ និងការកាត់បន្ថយជីវភាពក្រីក្រ ជាពិសេសប៉ះពាល់ធ្ងន់ធ្ងរដល់ សិទ្ធិបុគ្គល ជនរងគ្រោះដែលត្រូវបានក្រុមជនទាំងនោះយកទៅប្រើប្រាស់ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។

ជាមួយគ្នានោះក្រសួងក៏ប្រកាសចាត់វិធានការផ្លូវច្បាប់ តាមរយៈអាជ្ញាធរមូលដ្ឋាន អង្គភាពពាក់ព័ន្ធ ឬសាធារណៈជនទាំងអស់អាចចូលរួមសហការផ្ដល់ព័ត៌មាន បើឃើញករណីបែបនោះ ដោយទូរសព្ទមកមន្ត្រីក្រសួងសង្គមកិច្ច តាមរយៈលេខប្រធាននាយកដ្ឋានសុខុមាលភាពសង្គម លោក ឈួរ សុបញ្ញា ០១២ ៥៣ ៨១ ១៨ ឬ ប្រធានមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ លោកស្រី មុំ ចាន់ដានី លេខ ០១២ ៤២ ៧១ ៦៨ និង លេខប្រធានការិយាល័យ សេវាទប់ស្កាត់ និងការពារជនអនាថា លោក ងួន កោសល្យ តាមរយៈលេខ ០៦៦ ៥១ ៧៥ ១៧៕