កម្ពុជារៀបចំបោះឆ្នោតព្រឹទ្ធសភាតាមការគ្រោងទុក ខណៈCNRP បដិសេធមិនទទួលស្គាល់លទ្ធផល

24
រូបភាពពីហ្វេសប៊ុក​សម្ដេចហ៊ុន សែន។

ថ្ងៃនេះកម្ពុជាបានរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៤ តាមការគ្រោងទុក ជាមួយគ្នានោះដែរគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយចោលនោះ បានបដិសេធមិនទទួលស្គាល់លទ្ធផលនៃការបោះឆ្នោតនេះ។

នៅថ្ងៃទី ២៥ ខែ កុម្ភៈនេះជាថ្ងៃបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី ៤ ដែលប្រព្រឹត្តទៅទាំង ៨ ភូមិភាគទូទាំងប្រទេស ដោយមានការចូលរួមពី​បក្សចំនួន ៤ គឺបក្សប្រជាជនកម្ពុជា បក្សហ្វ៊ុនស៊ិនប៉ិច បក្សយុវជនកម្ពុជា និង​បក្សខ្មែររួបរួមជាតិ។

ទោះបីជាយ៉ាងណាការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ មិនមានការចូលរួមពីគណបក្សសង្រ្គោះជាតិ​ដែលទទួលបានការគាំទ្រពីពលរដ្ឋជិត ៣ លាននាក់នោះទេ។

បក្សសង្គ្រោះជាតិដែលមានមិនវត្តមានចូលរួមបោះឆ្នោតនេះបានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបដិសេធមិនទទួលស្គាល់ការបោះឆ្នោតនេះ ដោយថាធ្វើឡើងដោយខុសច្បាប់ និង ផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា។

ការបោះឆ្នោតនេះអ្នកដែលមានសិទ្ឋបោះឆ្នោតគឺជាសមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ចំនួន ១១,៥៧២រូប និងតំណាងរាស្ត្រចំនួន ១២៣រូប។

ក្នុងថ្ងៃបោះឆ្នោតនេះ ក៏មានអ្នកសង្កេតការអន្តរជាតិចូលរួមផងដែរ មកពីប្រទេសជប៉ុន និង ប្រទេសម៉ាឡេស៊ី ព្រមទាំងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាច្រើន៕