សម្តេច ហ៊ុន សែន៖ ថ្ងៃនេះ គឺជាថ្ងៃប្រវត្តិសាស្រ្ត ដែលខ្មែរគ្រប់និន្នាការ​នយោ​បាយឈ្នះ​ទាំង​អស់គ្នា

54

(ភ្នំពេញ)៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្តេច បា​នសរសេរថា ថ្ងៃទី២៩ ខែធ្នូនេះ គឺជាថ្ងៃប្រវត្តិសាស្រ្តដ៏សំខាន់មួយ ដែល​ខ្មែរ​គ្រប់និន្នាការនយោបាយ “ឈ្នះទាំងអស់គ្នា”។ សម្តេច ថា នយោបាយ ឈ្នះ-ឈ្នះ គឺខ្មែរទាំង​អស់​គ្នាឈ្នះ កម្ពុជាទាំងមូលមានសុខសន្តិភាព ហើយប្រជាពលរដ្ឋក៏កាន់តែមានឱកាស​ច្រើន​ឡើង​ក្នុង​ការ​កសាងសង្គមគ្រួសារ និងអភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចម្រើន។

សម្តេច បន្តថា «នៅពេលនោះ ទោះបីយើងមានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ក៏ដោយ ក៏ភាគីកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) នៅបន្តគ្រប់គ្រងតំបន់​មួយ​ចំនួន​ដែលពួកគេកាន់កាប់ជាមួយនឹងគ្រឿងអាវុធយុទ្ឋភ័ណ្ឌយ៉ាងច្រើនសន្ឋឹកសន្ឋាប់»។

ត្រង់ចំណុចនេះ សម្តេច បានលើកឡើងថា ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង និងដើម្បី​បង្រួប​បង្រួមផ្សះផ្សាជាតិ​ទាំង​មូល ទើបនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ១៩៩៨ សម្តេច បានដាក់ចេញ​នូវនយោបាយ ឈ្នះ-ឈ្នះ ដែលធានាដល់​អាយុជីវិត និងកម្មសិទ្ធិនានារបស់ភាគី​កម្ពុជា​ប្រជា​ធិបតេយ្យ នៅ​ពេល​ពួកគេ​ទម្លាក់​អាវុធវិលមករួមរស់នៅក្នុងសង្គមជាតិក្រោមដំបូល​នៃរាជរដ្ឋា​ភិបាល​តែមួយ និង​នាយករដ្ឋមន្រ្តីតែមួយ ទើបបានធ្វើអោយប្រទេសជាតិមាន​សុខសន្តិភាព​ពេញ​លេញ​រហូត​មក​ទល់សព្វថ្ងៃនេះ៕