លោក ជា មុន្នី រងការប្តឹងពីបទញុះញង់ បន្ទាប់ពីអំពាវនាវឲ្យសហគមន៍អឺរ៉ុបដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាល

88

(ភ្នំពេញ)៖ មេធាវីតំណាងឲ្យសហភាព និងសហព័ន្ធសហជីពចំនួន១២០ នៅថ្ងៃច័ន្ទ ទី១៨ ធ្នូនេះ បានដាក់បណ្តឹងទៅតុលាការក្រុងភ្នំពេញដោយប្តឹងលោក ជា មុន្នី សមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាអតីតប្រធានសហជីពសេរីកម្មករកម្ពុជាពីបទញុះញុង។

បណ្តឹងរបស់ក្រុមសហជីពនេះ គឺធ្វើឡើងបន្ទាប់ពីលោក ជា មុន្នី បាននិយាយតាមវិទ្យុអាស៊ីសេរីកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៧ ដោយអំពាវនាវឲ្យសហគមន៍អឺរ៉ុបដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលកម្ពុជា ឲ្យកាន់តែលឿនបើរដ្ឋាភិបាលមិនអើពើចំពោះកង្វល់របស់សហគមន៍អឺរ៉ុបជុំវិញស្ថានការនយោបាយនៅកម្ពុជាក្រោយរំលាយបក្សប្រឆាំង។

ក្នុងពាក្យបណ្តឹងរបស់មេធាវីតំណាងឲ្យសហភាព និងសហព័ន្ធសហជីព ចុះថ្ងៃទី១៨ ធ្នូនេះ បានចាត់ទុកការអំពាវនាវរបស់លោក ជា មុន្នី ថាមានចេតនាចង់ឲ្យអ្នកបញ្ជាទិញទាំងអស់ ឈប់ធ្វើការបញ្ជាទិញលើផលិតផលវាយនភ័ណ្ឌ និងផលិតផលផ្សេងៗដែលនាំចេញពីកម្ពុជា ទៅលក់នៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុបដើម្បីដាក់គំនាបឲ្យរដ្ឋាភិបាលមកធ្វើការចរចា និងដោះស្រាយវិបត្តិនយោបាយជាគណបក្សប្រឆាំងឡើងវិញ។

ជាមួយគ្នានេះដែរ ពាក្យសម្តីរបស់លោក ជា មុន្នី ក៏ជាការបង្ហាញឲ្យឃើញនូវហានិភ័យធំៗចំនួនពីរ រួមមាន សហគមន៍អឺរ៉ុប ក៏ដូចជាអ្នកបញ្ជាទិញនឹងឈប់ធ្វើការបញ្ជាទិញ ហើយពាក្យសម្តីនេះទៀតសោត ក៏ជាការញុះញង់ឲ្យកម្មករទាំងអស់មានការថ្នាំងថ្នាក់ ឬស្អប់ខ្ពើមរដ្ឋាភិបាល ហើយងើបមកប្រឆាំង។ នេះគឺជាបញ្ជាក់របស់មេធាវីនៅក្នុងពាក្យបណ្តឹង។

មេធាវីតំណាងឲ្យសហភាព និងសហព័ន្ធសហជីព បានស្នើឲ្យអយ្យការតុលាការក្រុងភ្នំពេញ ធ្វើការចោទប្រកាន់លោក ជា មុន្នី និងបក្ខពួក និងទាមទារសំណងជំងឺចិត្តចំនួន១លានដុល្លារផងដែរ៕