រដ្ឋាភិបាលព្រមានកម្ទេចចលនាសង្គ្រោះជាតិបើកើតមាននៅកម្ពុជា

57
សម្ដេច ទៀ បាញ៉ រដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងសន្និបាតបូកសរុបការងារកងទ័ពក្នុងឆ្នាំ ២០១៧។ រូបភាពពី FN។

រដ្ឋមន្ដ្រីក្រសួងការពារជាតិសម្ដេចពិជ័យសេនា ទៀ បាញ់ ព្រមានកម្ទេចចលនាសង្គ្រោះ ដោយថា​បើសិន​ជា​ចលនា​ដែលប្រកាសបង្កើតឡើងដោយលោក សម រង្ស៊ី ​កើតមាននៅកម្ពុជា ។

សម្តេចពិជ័យសេនា ទៀ បាញ់ ព្រមានបែបនេះនៅព្រឹកថ្ងៃទី២៣ ខែមករា ក្នុងពិធី​បិទសន្និបាតបូក​សរុប​លទ្ធ​ផល ការងារកងរាជអាវុធហត្ថប្រចាំឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ ដែលរៀបចំធ្វើឡើង​នៅ​ក្នុងទី​បញ្ជា​ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។នេះបើតាមការចុះផ្សាយរបស់ Freshnews។

ការចុះផ្សាយដដែលប្រមុខការពារជាតិសម្ដេច ទៀ បាញ់ បានលើកឡើងថា៖ «អាលូវនឹងចលនាសង្គ្រោះជាតិ​ចុង​ក្រោយ វា​ថារៀបចំឲ្យមានហិង្សានៅកម្ពុជាតែម្ដង ដូច្នេះត្រៀមឲ្យហើយទៅ គឺថាបង្កើតហិង្សាអត់បានទេ បើ​​ឃើញថារៀបចំ​បង្កើត​យើង​ដាក់​មុន​ហើយ»

ជាមួយគ្នានោះដែរសម្ដេច ទៀ បាញ់ ក៏លើកឡើងពីការប្ដេជ្ញាការពារនូវបូរណភាពទឹកដី  និង​ប្រឆាំង​ការជ្រៀត​ជ្រែក​របស់បរទេស​គ្រប់រូប​ភាពនៅផ្ទៃក្នុងកម្ពុជា ដោយថាជាសម្មភាពជ្រកក្រោមផ្លាកលទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​។

ចលនា​សង្គ្រោះជាតិត្រូវបានបង្កើតឡើងកាល​ពីថ្ងៃទី​១២ ខែ មករា ដោយអតីតប្រធានបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេស​ខ្លួន​នៅ​ក្រៅប្រទេស ដោយលោកថា ដើម្បីគៀងគរឲ្យ​មានចលនាមួយ​ដែលមាន​ការ​​ចូលរួម​ពីគ្រប់​មជ្ឈដ្ឋាន ក្នុងការដាក់សម្ពាធលើរដ្ឋាភិបាល និងឈានទៅរកការដឹកនាំប្រទេស​នាពេលខាង​មុខ​។

ការបង្កើតចលនាសង្គ្រោះជាតិថ្មីនេះ ​ធ្វើឡើងបន្ទាប់ពីអតីតប្រធានបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបាន​ចាប់​ខ្លួនកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ០៣ ខែសីហា ដោយរងការចោទថា «ក្បត់ជាតិ» និងការ​រំលាយ​បក្ស​សង្គ្រោះ​ជាតិកាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា ដោយហាមឃាត់​មន្ត្រីជាន់​ខ្ពស់​​ ១១៨​រូប មិនឲ្យ​ធ្វើ​ នយោ​បាយ​រយៈពេល ៥ឆ្នាំ។

​ដោយឡែកក្រោយពី​ប្រកាសបង្កើតចលនា​នេះឡើង ប្រធានអតីតបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា មន្ត្រី និង​សកម្មជនអតីតបក្សប្រឆាំងមួយ​ចំនួនទៀត បាន​​​បដិសេធ​មិនចូល​រួមចលនាណាផ្សេងក្រៅ​ពី​គណបក្ស​សង្គ្រោះជាតិ ដែល​បោះឆ្នោតគាំទ្រដោយឆន្ទៈពលរដ្ឋជិត ៣លាននាក់កាលពីឆ្នាំ២០១៣៕