សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ក្តីលើសំណុំរឿងលោក លឺ ឡាយស្រេង ដែលប្តឹងដោយលោក គី តិច មេធាវីតំណាងរបស់នាយករដ្ឋមន្រ្តីសម្តេច ហ៊ុន សែន ដោយបានសម្រេចផ្តន្ទទោសអតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិចរូបនោះឲ្យសងជំងឺចិត្តជាង ១០ម៉ឺនដុល្លារ។
នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨នេះលោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថាតុលាការបានសម្រេចផ្តន្ទទោស ឲ្យលោក លឺ ឡាយស្រេង សងសំណងជំងឺចិត្តដល់ដើមបណ្តឹងគឺ សម្តេចតេជោ ហ៊ុន សែន ចំនួន៥០០លានរៀល និងថវិកាចំនួន៨លានរៀលចូលជាថវិការដ្ឋ(សរុបជាង១០ម៉ឺនដុល្លារ។ នេះបើតាមការចុះផ្សាយរបស់Freshnews។
ការចុះផ្សាយដដែលឲ្យដឹងថាសេចក្តីសម្រេចរបស់តុលាការនេះត្រូវបានប្រកាសជាសាធារណៈកំបាំងមុខជនជាប់ចោទ តែចាត់ទុកចំពោះមុខ ព្រមទាំងសម្រេចឲ្យការផ្សព្វផ្សាយជាសាធារណៈ និងទុកសិទ្ធិឲ្យប្តឹងទៅឧទ្ធរណ៍តាមកំណត់ច្បាប់។
កាលពីរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧ មេធារីតំណាងដោយអាណត្តិ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ពាក្យបណ្តឹងផ្លូវការ ប្តឹងលោក លឺ ឡាយស្រេង ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ ដោយស្នើឲ្យផ្តន្ទាទោសតាមច្បាប់ និងទាមទារសំណងជំងឺចិត្ត ៥០០លានរៀល (ប្រមាណ ១២៥,០០០ដុល្លារ) ដល់ដើមបណ្តឹង។
ការដាក់ពាក្យបណ្តឹងរបស់លោកមេធាវី គី តិច ធ្វើឡើងបន្ទាប់ពីលោក លឺ ឡាយស្រេង សន្ទនាឆ្លើយឆ្លងគ្នាតាមទូរសព្ទឯកជនដែលត្រូវបានយកទៅផ្សព្វផ្សាយជាសាធារណៈ ជាមួយលោកស្រី គី លំអង អតីតតំណាងរាស្ត្រគណបក្សហ៊្វុនស៊ិនប៉ិច ដែលថាជាការប្រមាថព្រះចេស្តា ដល់អង្គព្រះមហាក្សត្រ និងសម្តេចក្រុមព្រះហើយថែមទាំងនិយាយធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយស ដល់ប្រមុខដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។
ក្រោយពីទទួលការប្ថឹងនេះលោក លឺ ឡាយស្រេង បាននិរទ្ទេសខ្លួនទៅក្រៅប្រទេស ដោយលោកបានបដិសេធទៅនឹងការប្ដឹងនេះថាធ្វើឡើងដោយគ្មានមូលដ្ឋានច្បាប់ និងជំរុញឲ្យចាត់ការលើអ្នកចេញផ្សាយការសន្ទនាឯកជននេះ៕